អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (ទីតាំងទី១-ទួលស្លែង) ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្រាវជ្រាវនៃសាកល វិទ្យាល័យប៊ែលធី អន្តរជាតិ និងមានការអញ្ជើញចូលរួមពី តំណាងទីភ្នាក់ងារ GIZ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាច្រើនរូប
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារទី១០ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (ទីតាំងទី១-ទួលស្លែង) ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្រាវជ្រាវនៃសាកល វិទ្យាល័យប៊ែលធី អន្តរជាតិ និងមានការអញ្ជើញចូលរួមពី តំណាងទីភ្នាក់ងារ GIZ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាច្រើនរូប។ សិក្ខាសាលាថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជ្រាបនូវចំណេះដឹងផ្នែកច្បាប់ពាក់ព័ន្ធនឹងសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាការប្រព្រឹត្តល្មើសច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ បន្ថែមពីនេះ សិក្ខាកាមដែលចូលរួមនឹងទទួលបានចំណេះដឹងអំពីសិទ្ធិជាមូលដ្ឋាន ទំនួលខុសត្រូវ និងដំណោះស្រាយក្នុងនាមជាអ្នកប្រើប្រាស់ស្របតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមអនុវត្តផ្ទាល់ក្នុងការដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងបានយល់អំពីសារៈសំខាន់នៃការការពារសិទ្ធអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលរួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។ សូមជម្រាបជូនថា កន្លងមកសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នេះបានធ្វើនៅចំនួន៤លើក រួចមកហើយគឺ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយនេះគឺជាលើកទី៥ ដែលប្រារព្ធធ្វើនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (ទីតាំងទី១-ទួលស្លែង) ៕