ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា បើកកម្មវិធី "វេទិកាយុវជនឆ្ពោះទៅកាន់អាជីវកម្ម"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា បើកកម្មវិធី "វេទិកាយុវជនឆ្ពោះទៅកាន់អាជីវកម្ម" ដែលរៀបចំដោយសមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ (AIESEC) ដែលមានការអញ្ជើញចូលរួមពីវាគ្មិន ធុរកិច្ចជន និងសិស្សានុសិស្សជាច្រើននាក់។ថ្លែងក្នុងពិធីបើកកម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ វាយតម្លៃខ្ពស់និងកោតសរសើរចំពោះ សមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលបានគិតគូរនិងផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង និងសូមលើកទឹកចិត្តឱ្យបន្តរៀបចំវេទិកាបែបនេះជាប្រចាំ ដើម្បីផ្ដល់ជាវេទិកាសម្រាប់យុវជនក្នុងការស្វែងយល់អំពីភាពជាសហគ្រិន ការអភិវឌ្ឍអាជីវកម្ម និងភាពជាអ្នកដឹកនាំ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគេស្វែងរកនូវជម្រើសការងារល្អៗក្នុងវិស័យអាជីវកម្ម និងសិក្សារៀនសូត្រអំពីវិស័យផ្សេងៗ រួមទាំងតួនាទីការងារផងដែរក្នុងពេលអនាគត។ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកថា ការរៀបចំវេទិកាប្រភេទនេះ បានចូលរួមចំណែកសំខាន់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផងដែរ។ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា រាជរដ្ឋាភិបាល រួមទាំងក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សហគ្រិនភាព និងបច្ចេកវិទ្យា ព្រមទាំងបន្តជួយផ្សារភ្ជាប់យុវជនទៅនឹងអាជីវកម្ម ជាពិសេសបានផ្តល់ឱកាសឱ្យពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មឌីជីថល ដែលនេះជាបរិបទថ្មី នៃឌីជីថលូបនីយកម្ម និងដំណើរវិវត្តន៍ទៅកាន់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត ក្នុងការជំរុញការទទួលបាននូវហិរញ្ញប្បទាន របស់សហគ្រិនថ្មី ដោយគ្រាន់តែយកចលនទ្រព្យដែលខ្លួនមានមកដាក់ធានាបំណុល។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរ អំពីការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន Alibaba ដែលបានផ្តល់ឱកាសសម្រាប់ប្អូនៗយុវជន ដែលបង្កើតធុរកិច្ចថ្មី និងមានបំណងដាក់លក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ អាចឈានចូលទៅក្នុងទីផ្សារដ៏ធំ ដែលមានអតិថិជនប្រមាណ ១២០០ លាននាក់៕

https://s2.moc.gov.kh/mocspace/mocspace_1698552568005.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552573795.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552579354.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552597856.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552597864.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552597779.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552597772.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552613663.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552613924.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552613719.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552622155.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552626848.jpg