image

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

វិស័យពាណិជ្ជកម្ម ជាវិស័យដ៏សំខាន់មួយ ក្នុងការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម កម្រិត​ចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាមួយនឹងការដាក់ចេញនូវ​យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេច​ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេស​មាន​ចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្មបាន​ដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ជកម្ម​ជា​បន្តបន្ទាប់ ប្រកបដោយសង្គតភាពជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងនយោបាយអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកថែរក្សា និង​ជំរុញ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបានខ្លាំងក្លាជា​បន្ត​បន្ទាប់។

ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាអាទិ៍ការពង្រឹងលើក​ស្ទួយផលិតកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ សំដៅជំរុញ​កំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មតំបន់ និងពិភពលោក។

ក្រសួងពាណិជ្ជកម្ម ជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការធ្វើកំណែទម្រង់ស៊ី​ជម្រៅ ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ​អន្តរជាតិ ដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការ វិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងការរក្សាបាននូវកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ ក្រសួងពាណិជ្ជកម្មបានធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ដើម្បីឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជាកាន់តែមាន​ភាពទូលំទូលាយ។ លើសពីនេះការការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ និងបង្រ្កាបការក្លែងបន្លំនូវផលិតផលទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ និងប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ម្យ៉ាងទៀត ការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជន ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុន តាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដែលក្នុងនោះ ថ្លៃសេវា ពេលវេលា និងបែបបទដែលបង្កការលំបាក ស្មុគ្រស្មាញ ក៏ត្រូវបានកាត់បន្ថយផងដែរ។

ក្នុងគោលដៅដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្ត​កសាងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន រួមទាំងការ​កសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មមួយចំនួនផងដែរ។