(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធគម្រោង និងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការសម្រួលការផ្ទេរបច្ចេកវិទ្យាសមស្របក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអភិវឌ្ឍសហគមន៍តាមរយៈសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យភូមិន្ទកសិកម្ម តំណាងសាកលវិទ្យាល័យនានា តំណាងអង្គការ WIPO តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាច្រើនរូប។
គោលបំណងនៃគម្រោង និងសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីផ្តល់ការបណ្តុះបណ្តាលជូនដល់អ្នកសិក្សាស្រាវជ្រាវពីវិធីសាស្ត្រក្នុងការស្រាវជ្រាវនូវការរកឃើញ ដែលមានស្រាប់នៅក្នុងប្រព័ន្ធកម្មសិទ្ធិបញ្ញា ការផ្ទៀងផ្ទាត់នូវការរកឃើញថ្មី និងតក្កកម្មដែលមានស្រាប់ ការអះអាងនៃប្រកាសនីយបត្រតក្កកម្ម (Claims of Patents) និងការកសាងផែនការអាជីវកម្ម (Business Plan) សម្រាប់អនុវត្តនាពេលខាងមុខផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានរាយការណ៍ជូនអង្គពិធីពីសារៈសំខាន់ និងរយៈពេលនៃការអនុវត្តគម្រោងនេះ ព្រមទាំងអត្ថប្រយោជន៍នៃគម្រោងដល់កម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការដាក់សម្ពោធគម្រោង និងសិក្ខាសាលាថ្នាក់ជាតិនាពេលនេះ គឺជាការរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ (ត្រង់បញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ដែលផ្តោតលើ "ការបន្តពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងទ្រព្យសម្បត្តិឯកជនស្របច្បាប់ ដើម្បីលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍ ក្នុងគោលបំណងធានាឱ្យមានការប្រកួតប្រជែងក្នុងទីផ្សារ") និងស្របតាមគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ដែលមានបំណងប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គម ជាពិសេសការរីកចម្រើនផ្នែកគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងការបង្កើតផលិតផលកម្មសិទ្ធិបញ្ញាសម្រាប់ជំរុញនិងដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ រំពឹងថាគម្រោង និងសិក្ខាសាលានេះ នឹងជួយឱ្យអ្នកសិក្សាស្រាវជ្រាវាងអស់ អាចស្វែងរកឃើញនូវបច្ចេកវិទ្យាដែលសមស្របសម្រាប់ប្រទេសកម្ពុជា ដែលជាបច្ចេកវិទ្យាថ្មី អាចធ្វើអាជីវកម្មបាន និងអាចផលិតក្នុងទ្រង់ទ្រាយធំ ដែលជាកត្តានាំផ្លូវកម្ពុជាទៅរកការបង្កើតផលិតផល និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត និងអាចចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាបាន។







