ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងអាសិប អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់សហគ្រាសកសិ-ម្ហូបអាហារធុនតូច និងមធ្យមកម្ពុជា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បាន សហការជាមួយកម្មវិធីខ្សែច្រវ៉ាក់់តម្លៃកសិកម្មកម្ពុជា-អូស្រា្តលី (CAVAC) រៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់សហគ្រាសកសិ-ម្ហូបអាហារធុនតូចនិងមធ្យមកម្ពុជា” The Benefits of Free Trade Agreements for Cambodia’s Agri-Food SMEs ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាព ឯកឧត្តម

ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងអាសិប តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Andreas Zurbrugg អនុប្រធានស្ថាន បេសកកម្ម នៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពីតំណាងក្រសួង ស្ថាប័ន អង្គការ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សរុបចំនួន ៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសវិស័យកសិ-ម្ហូបអាហារកម្ពុជា អំពីសារៈសំខាន់ កាលានុវត្តភាព និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានជាអតិបរមា។ ក្នុងនោះ ក៏មានការចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដោយអ្នកជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រា្តលី (CAVAC) ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ផ្តោតការយកចិត្តទុក ដាក់ខ្ពស់លើការធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចាបើកទីផ្សារបន្ថែមតាមយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាក់ស្តែង កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដោយបានសហការយ៉ាង ជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងជាមួយវិស័យឯកជន តាមរយៈការពិគ្រោះយោបល់ និងប្រមូល ធាតុចូលព្រមទាំង ការរៀបចំនូវវេទិកាផ្សេងៗទៀត ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងតម្រូវការទីផ្សារ សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជន។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាបានការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងចូលរួមអនុវត្តនូវសេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលដែលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខ។ លើសពីនេះ កិច្ចព្រមព្រៀងអាសិប ក៏ជាសញ្ញាមួយបង្ហាញពីការគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ និងប្រឆាំងនឹងការកើនឡើងនៃនិន្នាការគាំពារនិយមរបស់ប្រទេសមហាអំណាចមួយចំនួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានេះ លោក Andreas Zurbrugg អនុប្រធានស្ថានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យកសិកម្មជាវិស័យមួយដែលរងការប៉ះពាល់តិចពីវិបត្តិជំងឺកូវីដ-១៩ និង មានសារៈសំខាន់ខ្លាំងក្នុងការចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងចាំបាច់ត្រូវការការពង្រឹងបន្ថែម ជាពិសេស វិស័យកសិ-ម្ហូបអាហារកម្ពុជា ដែលទាមទារឱ្យវិស័យឯកជន រួមមានសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ត្រូវយល់ ច្បាស់អំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ក៏ដូចជាវិធីក្នុងការទាញយកអត្ថប្រយោជន៍ ពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទៅក្នុងប្រតិបត្តិការពាណិជ្ជកម្មប្រចាំថ្ងៃឱ្យបានជាអតិបរមា។ លោកបានបន្តថា រដ្ឋាភិបាល អូស្រ្តាលីបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលីបន្ថែមទៀត តួយ៉ាងដូចជា គំនិតផ្តួចផ្តើមក្នុងការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ជាដើម។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងអាសិបមានសមាជិកចំនួន ១៥ រួមមាន ប្រទេសសមាជិកអាស៊ានទាំង១០ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដោយបង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានប្រើប្រាស់កិច្ចព្រមព្រៀងអាសិប ដោយក្រសួងពាណិជ្ជកម្មបានចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដល់ក្រុមហ៊ុននាំចេញស្បែកជើងទៅកាន់ទីផ្សារនៃប្រទេសអាសិប។

តាមការសិក្សារួមគ្នារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA ក្រុមការងារស្រាវជ្រាវរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើន ប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩.៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំ ឆ្នាំប្រមាណពី ២% ទៅ ៣.៨% កំណើនឱកាសការងារប្រចាំឆ្នាំ ប្រមាណ ៣.២% ទៅ ៦.២% និងកំណើនចំណូលពន្ធ ប្រចាំឆ្នាំប្រមាណ ២% ទៅ ៣.៩% ផងដែរ៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476633.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476460.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476914.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476314.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733477329.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476359.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476201.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476252.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476554.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733477596.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476603.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476151.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476657.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476589.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733477089.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476427.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476450.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1651733476536.jpg