លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយេនឌ័រ និងការផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចឆ្នាំ២០២៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយេនឌ័រ និងការផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចឆ្នាំ២០២៣ ដែលបានរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណា និងមានការអញ្ជើញចូលរួមពី លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មខេត្តទាំង១៨ ព្រមទាំងទីប្រឹក្សាគម្រោងអេមស៍ សរុបចំនួន ៦០នាក់។

ជាកិច្ចចាប់ផ្តើម លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់​កសិករ​ខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការ តភា្ជប់ផលចំ​ណេញ និងការផ្សារភ្ជាប់ទីផ្សារ​ជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយដោយកៀរគរកសិករខ្នាតតូចរួមមានកសិករក្រីក្រ ចំនួន ៧៥.០០០គ្រួសារ។ ដើម្បីសម្រេចគោលដៅរបស់គម្រោងអេមស៍ពាក់ព័ន្ធនឹងសមភាពយេនឌ័រ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២៣ ដែលមានគោលដៅ៖១)យ៉ាងហោចណាស់ ៥០% នៃ កសិករគោលដៅគឺជាស្ត្រី ដែលអាចទទួលបានសេវាកម្មគាំទ្រដោយគម្រោង ២) យ៉ាងហោចណាស់ ៥០% នៃសមាជិក PO គឺជាស្ត្រី និង៥០%នៃសមាជិកគ្រួសាររបស់ក្រុមផលិតគឺជាស្រ្តី ៣)បន្តជំរុញការយល់ដឹងអំពីយេនឌ័រ និងការពង្រឹងអំណាច សេដ្ឋកិច្ចរបស់ស្ត្រី ៤)បន្តផ្តល់ឱកាស និងអត្ថប្រយោជន៍ដោយតម្លាភាព និងសមធម៌។ លោកជំទាវបានផ្តល់អនុសាសន៍ណែនាំឱ្យមានការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្រ្តជាយុទ្ធសាស្រ្តនៃផែនការសកម្មភាពយេនឌ័រ រួមមានការពង្រឹងការចូលរួមរបស់ស្រ្តី តុល្យភាពតួនាទីយេនឌ័រ ការរលើកឡើងពីបញ្ហាយេនឌ័រក្នុងវេទិកា ឬសកម្មភាពនានារបស់គម្រោង ការត្រួតពិនិត្យជាប្រព័ន្ធលើគណនេយ្យភាពរបស់បុគ្គលិក និងការបញ្ជ្រាបយេនឌ័រក្នុងវគ្គបណ្តុះបណ្តាលអាជីវកម្ម និងវគ្គបណ្តុះបណ្តាលបច្ចេកទេសនវានុវត្តន៍នានា ពិសេសការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងមូលនិធិនានា ដែលអាចជំរុញ និងគាំទ្រដល់ការចូលរួមរបស់ស្រ្តីក្នុងផលិតកម្ម។

ជាកិច្ចបន្ទាប់ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោង ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមានស្មារតីម្ចាស់ការ បុរេសកម្ម អន្តរសកម្ម និងស្វ័យភាព ក្នុងការបង្កើនសមភាពយេនឌ័រនៅក្នុងសហគមន៍។ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលនេះ ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល។

លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបង្ហាញពីភាពជឿជាក់ដល់ក្រុមការងាររបស់គម្រោងអេមស៍ ក្នុងការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពគម្រោងឱ្យបានគ្រប់ជ្រុងជ្រោយ ដែលមានគោលដៅរួមគឺការកាត់បន្ថយគម្លាតវិសមភាពយេនឌ័រប្រកបដោយបរិយាបន្ន។ លោកជំទាវបានបន្តថាការរៀបចំយន្តការជាយុទ្ធសាស្រ្តជាក់លាក់ ដើម្បីបង្កើនអ្នកដឹកនាំជាស្រ្តី ការកែប្រែឥរិយាបថដែលរើសអើងលើស្ត្រី និងការផ្តល់ការគាំទ្រគ្រប់រូបភាពដល់ស្រ្តីនឹងចូលរួមសម្រេចបានគោលដៅនៃផែនការសកម្មភាពយេនឌ័រឆ្នាំ២០២៣ ពិសេសអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥។ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖− បង្កើតយន្តការអន្តរាគមន៍ និងការគាំទ្រនានា ដើម្បីអនុញ្ញាតឱ្យស្រ្តីចូលរួមក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ឱ្យបានកាន់តែសកម្ម ជាអាទិ៍១)ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបញ្ចេញមតិយោបល់របស់ស្រ្តីលើផលិតកម្ម និងការធ្វើអាជីវកម្ម២)ផ្តល់បច្ចេកទេសនវានុវត្តន៍ដល់ស្រ្តីដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងផលិតកម្មហួសកម្លាំង ៣)ជំរុញ លើកទឹកចិត្ត និងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងការស្នើសុំមូលនិធិគាំទ្រ និងការស្នើសុំ ឥណទានសម្រាប់បង្កើនវិសាលភាពផលិតកម្ម ដែលជាគោលដៅចុងក្រោយ ក្នុងការបង្កើនជីវភាពរស់នៅរបស់ពួកគេផ្ទាល់− បង្កើនជំនាញរបស់ស្រ្តីទៅជាកសិ-ពាណិជ្ជករ ដែលពួកគេអាចយល់ដឹងពី ១)ផលិតកម្មបែបទំនើបកម្ម ២)ការយល់ដឹងពីសមភាពយេនឌ័រ ផ្នែកសង្គម សេដ្ឋកិច្ច និងផ្លូវចិត្ត ៣)ការយល់ដឹងបន្ថែមពីចំណេះដឹងអាជីវកម្ម ពិសេសផ្នែកអក្ខរកម្មឌីជីថលសម្រាប់ទទួលបានព័ត៌មានទីផ្សារជាដើម សំដៅអភិវឌ្ឍសមត្ថភាពរបស់ស្រ្តី ឱ្យស្របតាមនិនា្នការសកល និងបម្រែប្រមួលលំនាំធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម− លើកទឹកចិត្តតួអង្គពាក់ព័ន្ធទាំងអស់ កំណត់ទិសដៅសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីចាប់ផ្តើមជាគ្រឹះដែលនឹងធានាឱ្យមានជោគជ័យលើការអនវុត្តបញ្ជ្រាបសកម្មភាពយេនឌ័ររបស់គម្រោង− បន្តអភិវឌ្ឍនិងផ្តល់សិទ្ធិអំណាចដល់ស្រ្តី ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍដែលមាននិរន្តរភាពយ៉ាងពិតប្រាកដ និងមិនបោះបង់ចោលនរណាម្នាក់− គោរព និងការពារស្វ័យភាពរបស់ស្ត្រី ក្នុងនាមជាមនុស្ស ហើយផ្តល់ឱកាសនិងយកចិត្តទុកដាក់មិនឱ្យគេមើលរំលងការចូលរួមនិងពលកម្មរបស់ស្ត្រីនោះទេ៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1681117228479.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227758.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227482.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227641.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227791.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227745.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227765.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227863.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227940.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227732.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117228005.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117228340.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227778.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227707.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227690.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1681117227927.jpg