ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារអន្តរក្រសួងចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចូលរួមកិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីព្រមព្រៀង

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួងចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ចូលរួមកិច្ចប្រជុំចង្អៀតជាមួយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគ.ស.ហ ជាមួយវត្តមានចូលរួមពីថា្នក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ពីអន្តរក្រសួងសរុបប្រមាណ ៥០រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផល និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA។

ថ្លែងក្នុងសេចក្តីរាយការណ៍ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគោរពរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគ.ស.ហ និងអង្គប្រជុំ ជ្រាបអំពីសាវតា និងលទ្ធផលសំខាន់នៃការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមបានគូលបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏ឧត្តុង្គឧត្តមថ្មីមួយទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងអាសិប ក្នុងមាគ៌ានាំកម្ពុជាបន្តឆ្ពោះទៅការធ្វើសមាហរណកម្មនិងសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដែលការណ៍នេះនឹងជំរុញពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសំបូរបែប និងទាក់ទាញធុរជននិងវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើន សំដៅឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

ដោយមានការអនុញ្ញាតពីអង្គប្រជុំ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាក៏បានធ្វើបទបង្ហាញស្តីពីលទ្ធផលសំខាន់ៗ នៃការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ផងដែរ។ ជាលទ្ធផលនៃដំណើរការចរចាដ៏សិ្វតស្វាញចំនួន០៣ជុំកន្លងមក ភាគីទាំងពីរសម្រេចបាននូវអត្ថបទាំងស្រុងនៃកិច្ចព្រមព្រៀង ដែលរួមមាន ១៨ជំពូក និង២៨៤មាត្រា ពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញនិងសេវា ការវិនិយោគ វិធានដើមកំណើតទំនិញ កិច្ចសម្រួលពាណិជ្ជកម្ម របាំងពាណិជ្ជកម្ម ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា ឧបាស្រ័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ជាដើម។-ល-៕

https://s2.moc.gov.kh/mocspace/mocspace_1682657418394.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657418505.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657418549.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657418541.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657418264.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657418407.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657418589.jpg