ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកជាអគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីព្រមព្រៀង

image

បាងកក, ប្រទេសថៃ)៖ នៅថ្ងៃទី១០-១២ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ The Athenee Hotel, a Luxury Collection Hotel, Bangkok, ប្រទេសថៃ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកជាអគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចម្រុះ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន សម្រាប់កម្ពុជា (ACFTA-JC Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះពិសេសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន លើកទី៤ (4th Special ACFTA Joint Committee) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាកក ប្រទេសថៃ។ កិច្ចប្រជុំនេះ បានដឹកនាំដោយលោកស្រី Chotima Lemsawasdikul អគ្គនាយករងចរចាពាណិជ្ជកម្មនៃប្រទេសថៃ និងឯកឧត្តម Yu Benlin អគ្គនាយកពាណិជ្ជកម្មអន្តរជាតិនិងកិច្ចការសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីប្រធានក្រុមចរចាមកពីបណ្តារដ្ឋសមាជិកអាស៊ានទាំង១០ និងគណៈប្រតិភូប្រទេសចិន ព្រមទាំងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ។ ស្របគ្នានឹងកិច្ចប្រជុំនេះដែរ ក៏មានការរៀបចំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដូចជា កិច្ចប្រជុំក្រុមការងារពាណិជ្ជកម្មទំនិញ វិនិយោគ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងកិច្ចការប្រកួតប្រជៃងនិងកិច្ចការពារអ្នកប្រើប្រាស់។

ជាកិច្ចចាប់ផ្តើម លោកស្រី Chotima Lemsawasdikul សហ​ប្រធាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ បានស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំខាងលើដោយផ្ទាល់។ លោកស្រីប្រធានកិច្ចប្រជុំបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដែលជាការចាប់ផ្តើមនៃការចរចាដំឡើងកម្រឹតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក្នុងការឆ្ពោះទៅរកការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអាស៊ាន និងចិន ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម Yu Benlin សហប្រធានកិច្ចប្រជុំ បានបញ្ជាក់ពីគោលបំណងរបស់ភាគីចិន ក្នុងការសម្រេចបានកិច្ចព្រមព្រៀងដំឡើងកម្រិតមួយ ដែលមានលក្ខណៈទំនើប មានគុណភាពខ្ពស់ ប្រកបដោយបរិយាប័ន្ន និងសម្រាប់អនាគត។

សម្រាប់កិច្ចប្រជុំនេះ ភាគីទាំងអស់បានកត់សម្គាល់ ពិនិត្យ ពិភាក្សា និងឯកភាពលើរបៀបវារៈសំខាន់ៗ ដូចជា (១) ធាតុសំខាន់ៗ (Key Elements) សម្រាប់ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀង ACFTA (២) ឯកសារសំខាន់ៗសម្រាប់ក្រុមការងារពាក់ព័ន្ធ រួមមាន យន្តការរៀបចំរបាយការណ៍ និងលក្ខខណ្ឌប្រតិបត្តិសម្រាប់ការចរចា (៣) វិស័យថ្មីៗ ដែលអាចនឹងបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ (៤) ផែនការការងារសម្រាប់ការចរចាកិច្ចព្រមព្រៀងដំឡើងកម្រិត ACFTA និង(៥) របាយការណ៍ពីក្រុមការងារពាក់ព័ន្ធ និងការផ្តល់ការណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់។

កិច្ចប្រជុំនេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងបានជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់បន្តធ្វើការជិតស្នទ្ធិជាមួយគ្នា ផ្តល់ភាពបត់បែនឱ្យអស់លទ្ធភាពនៅពេលចរចា ព្រមទាំងរៀបចំការងារនិងកិច្ចប្រជុំទៅតាមផែនការការងារ ដើម្បីធានាថាក្រុមការងារទាំងអស់អាចបញ្ចប់ការចរចារយ៉ាងយូរ នៅឆ្នាំ២០២៤ ដូចដែលបានគ្រោងទុក៕

https://s2.moc.gov.kh/mocspace/mocspace_1682653730499.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730557.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730745.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730791.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730913.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730658.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730818.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730901.jpg
https://s2.moc.gov.kh/mocspace/mocspace_1682653730929.jpg