(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវ៉ឺសាយ រាជធានីភ្នំពេញ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ចូលរួមសិក្ខាសាលាផ្សព្វផ្សាយនៃការវិភាគខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងសុពលភាពនៃការវិភាគខ្សែច្រវាក់តម្លៃម្រេច។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហភាពអឺរ៉ុប ក្រុមការងាររបស់អង្គការ GIZ សហព័ន្ធស្វាយចន្ទីកម្ពុជា សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក្រុមហ៊ុនឯកជន អង្គការនានាដែលទាក់ទងនឹងវិស័យស្វាយចន្ទី និងម្រេច ជាច្រើនរូប។
សិក្ខាសាលានេះដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីរបាយការណ៍គោលនៃការសិក្សាពីខ្សែច្រវាក់តម្លៃស្វាយចន្ទី និងដើម្បីបង្ហាញពីការរកឃើញបឋម ការប្រមូលធាតុចូល និងការផ្ដល់អនុសាសន៍ពីភាគីពាក់ព័ន្ធនានាលើការវិភាគខ្សែច្រវាក់តម្លៃម្រេច។








