ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំជាមួយតំណាងសហភាពអឺរ៉ុប នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំគម្រោងថ្មីដែលគាំទ្រដោយសហភាពអឺរ៉ុប បន្តពីគម្រោង ARISE Plus Cambodia

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន:

image

ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំជាមួយតំណាងសហភាពអឺរ៉ុប ដើម្បីពិនិត្យលើសេចក្តីព្រាងលទ្ធផលនៃកិច្ចពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគម្រោងថ្មីមួយ ដែលនឹងផ្តល់ជំនួយបច្ចេកទេសដោយសហភាពអឺរ៉ុប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី មន្ត្រីនៃក្រសួងពាណិជ្ជកម្ម តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងសហភាពអឺរ៉ុបប្រចាំនៅទីក្រុងបាងកក ប្រទេសថៃផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ដល់តំណាងសហភាពអឺរ៉ុប និងអង្គប្រជុំទាំងមូល ដោយបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាសហភាពអឺរ៉ុប និងអង្គការ GIZ ក្នុងការអនុវត្តគម្រោង ARISE Plus Cambodia ដែលជាគម្រោងផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់។ ក្រោយពីការធ្វើបទបង្ហាញពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់របស់តំណាងសហភាពអឺរ៉ុប ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គម្រោងថ្មីនេះ មានគោលបំណងដើម្បីរួមចំណែកដល់ការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯកជនឱ្យមានភាពរឹងមាំជាងមុន ដែលអាចបំពេញលក្ខខណ្ឌតម្រូវតាមស្ដង់ដារអន្តរជាតិ សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប និងទីផ្សារក្នុងតំបន់។ គម្រោងថ្មីដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ នឹងបន្តអនុវត្តនូវសកម្មភាព និងលទ្ធផលដែលសម្រេចបានក្រោមគម្រោង ARISE Plus Cambodia ក៏ដូចជាចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលចូលរួមពង្រឹងភាពប្រគួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ទាំងក្របខណ្ឌគោលនយោបាយ និងសមត្ថភាពរបស់វិស័យឯកជន បន្ទាប់ពីកម្ពុជានឹងចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ លើសពីនេះ គម្រោងថ្មីនេះ នឹងជួយឱ្យកម្ពុជាអនុវត្តកាតព្វកិច្ច និងការសន្យាក្នុងក្របខណ្ឌអង្គការ WTO និងអាស៊ានផងដែរ។ គម្រោងនេះ មានសមាសមាភាគបីសំខាន់ៗ ដូចខាងក្រោម៖ • ការរៀបចំគោលនយោបាយពាណិជ្ជកម្ម (Trade Policy) • ការសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation) • បង្កើនសមត្ថភាពវិស័យឯកជន (private Sector)

ជាកិច្ចបញ្ចាប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានធ្វើការពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធ និងបានរៀបចំសេចក្តីព្រាងស្តីពីខ្លឹមសារនៃគម្រោងដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ខាងមុខ៕

https://s2.moc.gov.kh/mocspace/mocspace_1684376175864.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376175768.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376176469.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376175796.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376176431.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376176407.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376176400.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376176391.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376175997.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376176425.jpg
https://s2.moc.gov.kh/mocspace/mocspace_1684376176414.jpg