ឯកឧត្តម រដ្ឋ សារ៉ាវុធ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក NOBUO Kiriyama អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក NOBUO Kiriyama អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន និងជាតំណាងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ជប៉ុន ព្រមទាំងសហការី ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការត្រៀមរៀបចំខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក NOBUO Kiriyama ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងការអបអរសាទរ សម្រាប់ខួបលើកទី៥០នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ក្នុងឱកាសនោះ លោក NOBUO Kiriyama បានអបអរសាទរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ដើម្បីអបអរសាទរខួបលើកទី៥០នៃទំនាក់ទំនងអាស៊ាន-ជប៉ុន លោក NOBUO Kiriyama បានធ្វើបទបង្ហាញអំពី (១) ការធ្វើបច្ចុប្បន្នភាពលើគំនិតផ្តួចផ្តើមនិង ឯកសារទស្សនា​ទានរបស់ជប៉ុន ស្តីពី ASEAN-Japan Economic Co-Creation Vision និង Future Design and Action Plan ដែលជាចក្ខុវិស័យនិងយុទ្ធសាស្ត្រកំណើនសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ជប៉ុន សម្រាប់រយៈពេល៥០ឆ្នាំខាងមុខ (២) ការរៀបចំកិច្ចប្រជុំ Young Business Leaders’ Summit និងកិច្ចប្រជុំ Z-gen Business Leaders’ Summit នៅខែធ្នូ ឆ្នាំ២០២៣ ដើម្បីបង្កើតបណ្តាញសហគ្រិនវ័យក្មេងអាស៊ាន-ជប៉ុន និង (៣) ការបង្កើតមជ្ឈមណ្ឌលឌីជីថលនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់និងស្វាគមន៍គំនិតផ្តួចផ្តើមនិងឯកសារទស្សនាទានខាងលើ ដោយក្រសួងពាណិជ្ជកម្មនឹងធ្វើការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំភាគីជប៉ុនពិចារណាបង្កើនកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចរបស់អាស៊ាន តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល ជាដើម ដើម្បី​ឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីចក្ខុវិស័យនិងយុទ្ធសាស្ត្រកំណើនសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ជប៉ុន សម្រាប់រយៈពេល៥០ឆ្នាំខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានស្វាគមន៍ផងដែរ សម្រាប់ការបង្កើតមជ្ឈមណ្ឌលឌីជីថលនៅវិទ្យាស្ថាន ERIA និងរំពឹងថាមជ្ឈមណ្ឌលនេះនឹងអាចជួយឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កាន់តែទទួលបានផ្លែផ្កាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឱ្យលោក NOBUO Kiriyama ជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ឱ្យកាន់តែជិតស្និទ្ធ៕

https://s2.moc.gov.kh/mocspace/mocspace_1682669849473.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849386.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849500.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849679.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849635.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849585.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849665.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849470.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849690.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849670.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849393.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669849623.jpg