ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដឹកនាំដោយ លោក Dou Xilin អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី។ កិច្ចប្រជុំនេះមានការចូលរួមពីលោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោក-លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានចំណុះក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កៅ កោសល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម នាពេលនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lan Tianli អភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២០-២៣ ខែមេសា ឆ្នាំ២០២៣។ ភាគីទាំងពីរគ្រោងនឹងសហការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ចិន (ក្វាងស៊ី) នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញផងដែរ ដែលវេទិកានេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសជាមួយតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។

ក្នុងឱកាសនោះដែរ លោក Dou Xilin បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី។ លោកបានរៀបរាប់អំពីសក្តានុពលរបស់ខេត្តក្វាងស៊ី ដែលជាខេត្តមានព្រំប្រទល់ជាប់ជាមួយតំបន់អាស៊ាន ទាំងផ្លូវគោកនិងផ្លូវទឹក ព្រមទាំងមានវិស័យទេសចរណ៍ដ៏សំបូរបែប។ តាមរយៈពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង កម្ពុជាបាននាំចេញទៅប្រទេសចិននូវផលិតផលសក្តានុពលដូចជាអង្ករ ចេក ដំឡូងមី ព្រមទាំងផលិតផលសក្តានុលផ្សេងៗទៀត។ លោកក៏បានអញ្ជើញគណៈប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីងក្នុងឆ្នាំ២០២៣នេះផងដែរ។

ជាការឆ្លើយតប ឯកឧត្តម កៅ កោសល បានលើកឡើងថា ក្រសួងពាណិជ្ជកម្មតែងតែគាំទ្រ និងបានចូលរួមពិព័រណ៍ចិន-អាស៊ាន ជាច្រើនលើរួចមកហើយ។ បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចនៅទីក្រុងណាននីងចំនួន១១លើករួចមកហើយ ក្នុងនោះក៏មានពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានផងដែរ។ នៅខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មនឹងចាត់បញ្ជូនមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីងផងដែរ។ សម្រាប់ការចូលរួមពិព័រណ៍ចិន-អាស៊ាន ក្នុងឆ្នាំ២០២៣នេះ ភាគីកម្ពុជាគ្រោងនឹងរៀបចំវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងព្រឹត្តិការណ៍នេះផងដែរ ហើយឯកឧត្តម បានស្នើភាគីចិនជួយអញ្ជើញធុរជន និងវិនិយោគិនចិនចូលរួមវេទិកានេះឱ្យបានច្រើនដើម្បីស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្មនៅកម្ពុជា និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ជាពិសេសទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងRCEP។ លោក Dou Xilin បានគាំទ្រចំពោះគម្រោងរៀបចំវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានក្នុងឆ្នាំ២០២៣នេះ ហើយលោកនឹងជួយសម្របសម្រួល និងអញ្ជើញធុរជន និងវិនិយោគិនក្នុងខេត្តក្វាងស៊ី ចូលរួមវេទិកានេះឱ្យបានច្រើន៕

https://s2.moc.gov.kh/mocspace/mocspace_1682667859897.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860114.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860042.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860176.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860244.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860228.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860052.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860118.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860172.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860006.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860179.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860341.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860162.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860353.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860224.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860285.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860208.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860311.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860272.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860390.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860289.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860576.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860268.jpg
https://s2.moc.gov.kh/mocspace/mocspace_1682667860362.jpg