ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា និងវៀតណាម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មការទី៩ ដោយមានកិច្ចសហការជាមួយគណៈកម្មការទី៥ ដឹកនាំដោយលោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសមាជិកសមាជិការដ៏ឧតុង្គឧត្តមមកពីគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភាផងដែរ។

ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានគណៈកម្មការទី៩ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតំណាងឱ្យរាជរដ្ឋាភិបាល និងគណៈប្រតិភូ ចូលរួមពិភាក្សា និងការពារសេចក្តីព្រាងច្បាប់ខាងលើ។ លោកជំទាវប្រធាន ក៏បានជម្រាបជូនអង្គប្រជុំជ្រាបផងដែរថា គណៈកម្មការទី៩ ដោយសហការជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា បានពិនិត្យលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាលទ្ធផលឃើញថាសេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានបំភ្លឺនិងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងផ្តល់អត្ថប្រយោជន៍សម្រាប់កម្ពុជា នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ រួមមាន៖ ១.- ធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរស់់នៅតាមព្រំដែននៃប្រទេសទាំងពីរ ២.- ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ៣.- បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តភាព សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និង៤.- បង្កើតលក្ខខណ្ឌអនុគ្រោះដល់ពាណិជ្ជករប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំពឹងទុកថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្មស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល អង្គប្រជុំបានសម្តែងនូវការគាំទ្រទៅលើសេចក្តីព្រាងច្បាប់នេះទាំងស្រុង និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕

https://s2.moc.gov.kh/mocspace/mocspace_1682498298802.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498300456.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498300637.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498300833.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498300853.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301250.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301170.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301447.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301015.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301489.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301573.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301869.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301205.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301636.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301383.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301023.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498300980.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498300988.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301133.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301142.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301096.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301243.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301335.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301544.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301279.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301554.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301404.jpg
https://s2.moc.gov.kh/mocspace/mocspace_1682498301564.jpg