(សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងនាមអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជាជួបពិភាក្សាការងារជាមួយលោកជំទាវ Chansouk SENGPHACHAN ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា និងចែករំលែកបទពិសោធន៍របស់កម្ពុជាអំពីដំណើរការនិងនីតិវិធីនៃការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ Chansouk SENGPHACHAN បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានចែករំលែកពីបទពិសោធន៍ ឧត្តមានុវត្ត និងការអនុវត្តជាក់ស្តែងអំពីដំណើរការ និងនីតិវិធីនៃការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា ដែលអាចជាបទពិសោធន៍ជាក់ស្តែង និងជាគម្រូដ៏ល្អ សម្រាប់ឡាវក្នុងការពិចារណាក្នុងការអនុវត្តប្រព័ន្ធប្រហាក់ប្រហែលនេះ ដើម្បីពង្រឹងប្រព័ន្ធប្រកាសនីយបត្រតក្កកម្មរបស់ឡាវ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្នុងការងារដឹកនាំសម្របសម្រួលការងារកម្មសិទ្ធិបញ្ញា សំដៅជំរុញនិងធានានូវការអនុវត្តគោលនយោបាយកម្មសិទ្ធិបញ្ញា ពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យអង្គភាពជំនាញកម្មសិទ្ធិបញ្ញាទាំងពីរសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍ ឧត្តមានុវត្តពាក់ព័ន្ធនឹងការអនុវត្តការងារកម្មសិទ្ធិបញ្ញា និងបន្តពង្រឹងកិច្ចសហការរវាងអង្គភាពកម្មសិទ្ធិបញ្ញាទាំងពីរ។






