(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារបុរីអង្គរ រីសត អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំក្រុមអ្នកជំនាញកិច្ចការប្រកួតប្រជែងអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធ (The 34th Meeting of the ASEAN Experts Group on Competition (AEGC) and Related Meetings)» ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. និង លោកជំទាវ លី សុពណ៌វិជនី សមាជិក គ.ប.ក.។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដែលដឹកនាំដោយ លោកជំទាវ លី សុពណ៌វិជនី សមាជិក គ.ប.ក. និងជាប្រធាន AEGC ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីស្ថាប័នប្រកួតប្រជែងនានាក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍន៍ រួមមានគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
ក្នុងឱកាសនោះ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «កម្ពុជាពិតជាមានកិត្តិយសណាស់ក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AEGC សម្រាប់ឆ្នាំ២០២៥ ដោយហេតុថាតួនាទីក្នុងការរៀបចំកិច្ចប្រជុំនេះភ្ជាប់មកជាមួយនូវទំនួលខុសត្រូវក្នុងនាមជាសមាជិកអាស៊ាន និងឱកាសក្នុងការកសាងសមិទ្ធិផលរួមគ្នាសម្រាប់អាស៊ាន រួមមាន៖ ការជំរុញការអភិវឌ្ឍរបបប្រកួតប្រជែងអាស៊ាន និងការពង្រឹងការប្រកួតប្រជែងដោយស្មើភាពក្នុងទីផ្សារ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងកិច្ចសហការជិតស្និតក្នុងតំបន់»។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសថៃ ជាពិសេស ឯកឧត្តម Raksagecha Chaechai សមាជិកគណៈកម្មាធិការប្រកួតប្រជែងថៃ និងជាប្រធាន AEGC ឆ្នាំ២០២៤ ចំពោះការដឹកនាំដ៏ឆ្នើមរបស់ ឯកឧត្តម ដែលសម្រេចបាននូវសមទ្ធិផលជាច្រើន ដើម្បីជំរុញការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ។
ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធាន AEGC ឆ្នាំ២០២៥ កម្ពុជាបានដាក់ចេញនូវផែនការសកម្មភាពអាទិភាព សម្រាប់ឆ្នាំ២០២៥ ដូចខាងក្រោម៖
១. ការបញ្ចប់និងអនុម័តនូវរាល់ផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន (ACAP) ឆ្នាំ២០២៥
២. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការប្រកួតប្រជែង (AFAC) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន(AEM) លើកទី៥៧ នាពេលខាងមុខ
៣. ការបញ្ចប់របាយការណ៍ស្ទង់មតិថ្នាក់ជាតិស្តីពីការសង្កេតលើសន្ទស្សន៍នៃការយល់ដឹងពីការប្រកួតប្រជែងធុរកិច្ចនៅក្នុងតំបន់អាស៊ានលើកទី២ (National Survey for the 2nd ASEAN Competition Business Perception Index - ACBPI)
៤. ការរៀបចំនូវសន្និសីទស្ដីពីការប្រកួតប្រជែងអាស៊ាន (ACC) លើកទី១១ នៅប្រទេសសិង្ហបុរី
៥. បង្កើនប្រសិទ្ធភាពនៃកិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ាន (AHCA) ឱ្យក្លាយវេទិកាយុទ្ធសាស្ត្រមួយក្នុងការពង្រឹងនិងការអភិវឌ្ឍន៍គោលនយោបាយនិងច្បាប់ប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន។
៦. ជំរុញឱ្យមានទំនាក់ទំនងកាន់តែរឹងមាំនៅក្នុង AEGC និងជាមួយដៃគូសន្ទនា។
សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំ AEGC លើកទី៣៤ នេះ ក៏មានការរៀបចំកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដូចជា សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអនុវត្តផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន (ACAP) ឆ្នាំ២០៣០ លើកទី២ និងកិច្ចប្រជុំ Project Steering Committee លើកទី២ (2nd PSC Meeting) ដែលរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យរដ្ឋជាសមាជិកអាស៊ាន ជំនាញការ និងដៃគូរអភិវឌ្ឍន៍ ពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវផែនការបន្ត ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយនិងច្បាប់ប្រកួតប្រជែង ផងដែរ៕


















