(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញលើកទី២ ដែលមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ រៀបចំ និងបែងចែកការងារជូនក្រុមការងារនីមួយទៅតាមជំនាញរៀងខ្លួន ព្រមទាំងពិភាក្សា និងប្រមូលធាតុពីតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំវេទិការនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។


