(ហាងចូវ សាធារណរដ្ឋប្រជាមានិតចិន)៖ នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមអមដំណើរ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដែលបានអញ្ជេីញចូលរួមបេីកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣ និងសម្ពោធពន្លាជាតិកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូកម្ពុជាទស្សនាស្តង់ពិព័រណ៍ដៃគូសំខាន់ៗ និងបានជួបពិភាក្សាជាមួយវិស័យឯកជន ដែលជាក្រុមហ៊ុនមានសក្ដានុពលខ្ពស់ផ្នែកបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ដេីម្បីពិភាក្សាអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកម្មវិធីបើក «Silk Road E-Comerce Day» ដែលជាផ្នែកដ៏សំខាន់មួយនៃ 3rd Global Digital Trade Expo នេះ ដែលផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគោលនយោបាយ និងយន្តការរបស់រដ្ឋាភិបាល។
គូសបញ្ជាក់ផងដែរថា នាឱកាសពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣នេះ ពន្លាជាតិកម្ពុជា នៃក្រសួងពាណិជ្ជកម្មក៏បានចូលរួមតាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជាសម្រាប់ការនាំចេញ រួមមាន អង្ករ ម្រេច ស្វាយចន្ទី មៀនប៉ៃលិន ដូង ចេក ទឹកឃ្មុំ និងស្វាយសម្ងួតជាដេីម ដែលសុទ្ធសឹងតែនឹងអាចរកបាននៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា Alibaba.com និង CambodiaTrade.com។ សម្រាប់រាល់ទំនិញសក្តានុពលដែលបានដាក់បង្ហាញនៅក្នុងឱកាសពិព័រណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រេីនពីសំណាក់សាធារណជនដែលមកចូលរួមព្រឹត្តិការណ៍ពិព័រណ៌ខាងលេី។