លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលក្រុមហ៊ុន វ័នរ៉ូដ គ្រុប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក នៃក្រសួងពាណិជ្ជកម្ម លោកអគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។  

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០ តោន​ ស្មើនឹង ៥៤ លានដុល្លារអាម៉េរិក។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា ជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទទួលបានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។ លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើង នៅចុងខែកុម្ភៈឆ្នាំ ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករ​កម្ពុជា។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថានឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ ផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1705307328122.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307335688.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307345099.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307351113.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307365466.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307365230.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307365538.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307373428.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307382469.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307382218.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307382676.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307382915.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307383015.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307391750.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307397477.jpg
https://s2.moc.gov.kh/mocspace/mocspace_1705307402807.jpg