ប្រទីបក្រសួងពាណិជ្ជកម្ម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

ដើម្បីចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអុំបុក ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រី គ្រប់លំដាប់ថ្នាក់ បានរៀបចំនូវប្រទីបរបស់ក្រសួង ដែលមាននិម្មិតសញ្ញា និងខ្លឹមសារ ដូចខាងក្រោម៖

១- រូបហង្ស រំលេចដោយភ្លើងពណ៌ពីក្បាលរហូតដល់កន្ទុយហង្សជាទម្រ នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យឆន្ទៈមោះមុតអង់អាចក្លាហាន និងបង្ហាញពីភាពសម្បូរសប្បាយ ហើយនឹងភាពជោគជ័យជានិច្ច នៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាការកសាងសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនលូតលាស់ឥតឈប់ឈរ។ ហង្សគឺជាសត្វ ដែលស្ថិតនៅក្នុងពពួកបក្សី សគុណជាតិ ហើរបានខ្ពស់ត្រដែត ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដ៏សែនឆ្ងាយបាន ហើយចូលចិត្តហើរ និងចុះហែលទឹករកចំណី។ នៅក្នុងជំនឿបុរាណ ហង្សគឺតំណាងឱ្យភាវៈល្អ ថ្លៃថ្លា រហ័សរហួន ទាន់ចិត្ត ក្នុងការផ្តល់ដំណឹង បញ្ជូនសារដ៏មានប្រសិទ្ធភាពខ្ពស់

២- នៅពីលើរូបហង្ស មានផែនទី នៃព្រះរាជាណាចក្រកម្ពុជា ព័ទ្ធខណ្ឌសីមាដោយភ្លើងពណ៌តំណាងឱ្យអធិបតេយ្យភាព បូរណភាពទឹកដី និងភាពរុងរឿង នៃទឹកដីសុវណ្ណភូមិ និងភូគោលពិភពលោក គឺចង់បង្ហាញពីវិស័យពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានចរន្តសេដ្ឋកិច្ចសហការជាមួយបណ្តាប្រទេសនានាទូទាំងពិភពលោក ទាំងផលិតផលនាំចេញ និងនាំចូល ផលិតផលក្នុងស្រុក និងក្រៅស្រុក

៣- នៅចំកណ្តាលផែនទីមានស្លាកសញ្ញាក្រសួងពាណិជ្ជកម្ម តំណាងឱ្យស្ថាប័នកសាងគោលនយោបាយអាហរ័ណ-នីហរ័ណ បម្រើទីផ្សារក្នុង និងក្រៅប្រទេស សម្រាប់រួមចំណែកជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនតាមការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ឆ្ពោះទៅបម្រើជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា

៤- នៅខាងក្រោមរូបហង្ស មានក្បាច់ទឹកបុរាណ គឺចង់បង្ហាញអំពីចរន្តសេដ្ឋកិច្ច ដែលសកម្មឥតឈប់ឈរ និងភាពត្រជាក់ត្រជុំ សម្បូរសប្បាយ

៥- នៅក្នុងផែនទីមានរំលេចភ្លើងពណ៌ខៀវ នៃដងទន្លេមេគង្គ និងបឹងទន្លេសាប តំណាងឱ្យទឹកដីដែលពោរពេញដោយបឹង ទន្លេ សមុទ្រ ទ្រទ្រង់សម្បត្តិធម្មជាតិ និងភោគផលសម្បូរបែប

៦- នៅខាងឆ្វេងដៃផ្នែកខាងលើ មានរំលេចដោយយន្តហោះ ដ្រូន និងផ្កាយរណប គឺចង់បង្ហាញអំពីភាពទំនើបកម្ម ទាំងសេវាកម្ម ការដឹកជញ្ជូន ការផ្សព្វផ្សាយយ៉ាងទូលំទូលាយរហ័សទាន់ចិត្ត

៧- នៅខាងស្តាំដៃផ្នែកខាងក្រោម មានរំលេចដោយកប៉ាល់ផ្ទុកទំនិញ និងសម្ភារៈស្ទូច គឺចង់បង្ហាញអំពីកំពង់ផែខ្នាតអន្តរជាតិកំពុងតែមមាញឹកក្នុងការនាំចេញ និងនាំចូលយ៉ាងសកម្ម ដែលជាចរន្តសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា កំពុងមានភាពរីកចម្រើនឆ្ពោះទៅមុខជានិរន្តរភាព

៨- នៅខាងឆ្វេងដៃផ្នែកខាងក្រោម មានរំលេចដោយ៖

- ភោគផលកសិកម្ម ផលានុផល គឺចង់បង្ហាញអំពីភោគផលកសិកម្មរបស់ប្រទេសកម្ពុជា គឺមានការនាំចេញជាសកលមួយភាគធំនៅលើពិភពលោក ដែលមានដូចជា៖ ស្រូវ ពោត ដំឡូងមី ជ័រកៅស៊ូ ម្រេច ល្ង សណ្តែក ស្វាយចន្ទី ស្វាយកែវរមៀត និងបន្លែផ្លែឈើជាច្រើនមុខទៀត

- អគារទំនើបខ្ពស់ៗ គឺចង់បង្ហាញអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងរីកចម្រើនទាំងអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ទៅលើវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ទេសចរណ៍

៩- ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា កំពុងបក់រវិចៗ ដែលបង្ហាញពីសុខសន្តិភាព ភាពសម្បូរសប្បាយ ស្នាមញញឹម និងឯករាជ្យភាព។

ភារកិច្ច និងតួនាទី រួមទាំងប្រទីបដែលក្រសួងពាណិជ្ជកម្ម បានបណ្តែតកំពុងលឿនលយបង្ហាញពីសកម្មភាព និងស្នាដៃរបស់ក្រសួងពាណិជ្ជកម្ម ដែលមានការរីកចម្រើនឥតឈប់ឈរ ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិអង្គរនៃយើង ឱ្យឈានទៅកាន់ភាពសម្បូររុងរឿង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល៕

https://s2.moc.gov.kh/mocspace/mocspace_1701146824938.jpeg
https://s2.moc.gov.kh/mocspace/mocspace_1701146840623.jpeg
https://s2.moc.gov.kh/mocspace/mocspace_1701146862860.jpeg
https://s2.moc.gov.kh/mocspace/mocspace_1701146875462.jpeg
https://s2.moc.gov.kh/mocspace/mocspace_1701146905644.jpeg