លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងពិធីសម្ពោធ “ពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសោរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលដឹព្រឺមៀរសេនធ័រ សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងពិធីសម្ពោធ “ពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤” ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។  

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ដឹព្រឺមៀរ សេនធ័រ សែនសុខ ដែលបានខិតខំកៀងគរដៃគូសហការ ដូចជាក្រុមហ៊ុនធំៗក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំជាលើកទី១នេះឡើង ដែលនេះមិនត្រឹមតែជាវេទិការពិព័ណ៍តាំងបង្ហាញឱ្យឃើញពីការច្នៃប្រឌិត នវានុវឌ្ឍន៍ និងភាពទំនើបនៃរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីភាពរីកចម្រើននៃវិស័យយានយន្តលើទីផ្សារដែលកំពុងមានសម្ទុះយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ថ្លែងក្នុងសុន្ទកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រុមហ៊ុនចំនួន ៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមលើកកម្ពស់វិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តិឱ្យស្របតាមបរិបទបទថ្មី សំដៅជួយសម្រួលដល់វិស័យឯកជន, ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការដាក់ឱ្យដំណើរការមជ្ឍមណ្ឌល​ទំនាក់ទំនងរវាងសាធារណៈជន និងមន្រ្តីផ្តល់សេវា (Call Center 1266) ដោយឥតគិតថ្លៃ, ព្រមទាំងការជំរុញការយកចិត្តទុកលើការពង្រឹងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា សំដៅការពារ និងលើកកម្ពស់ការធ្វើធុរកិច្ចដោយស្មោះត្រង់ ប្រកបដោយភាពប្រកួតប្រជែង ផងដែរ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ធុរជន និងដៃគូរវិនិយោគ ពិចារណាក្នុងការបណ្តាក់ទុនរកស៊ីឱ្យកាន់តែទូលំទូលាយ និងការបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជាកំពុងមាន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូក និងប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ កិច្ចព្រមព្រៀងពាណិជ្ជសេរី និងក្របខណ្ឌនៃកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគថ្នាក់ជាតិ ព្រមទាំងមកវិនិយោគលើការបង្កើតរោងចក្រផលិតរថយន្ត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ពិសេសការវិនិយោគលើរថយន្តអគ្គិសនី (Electric Vehicles)៕

https://s2.moc.gov.kh/mocspace/mocspace_1714274947094.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274949378.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274949506.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274945740.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274946818.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274947104.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274946736.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274944524.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274945618.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274947535.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274947690.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274948241.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274947061.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274946108.jpg