ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពតាមរយៈការបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា ( Design School) ”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពតាមរយៈការបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា ( Design School) ” ដែលបានសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលក្នុងនោះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៦០រូប ដែលជាសាស្រ្តាចារ្យ សិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិស័យឯកជន។   

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) ដែលបានមករៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាជូនដល់ លោកគ្រូ អ្នកគ្រូ និងនិស្សិតរបស់សាកលវិទ្យាល័យ។ បន្ថែមពីនេះ ឯកឧត្តមសាកលវិទ្យាធិការ ក៏បាន ជម្រាបជូនអង្គសិក្ខាសាលាអំពីប្រវត្តិនៃការបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។

បន្ទាប់មក លោក អាន់ឌ្រូ ម៉ៃឃើល អុង ប្រធានផ្នែកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានថ្លែងអំណរគុណចំពោះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលបានសហការរៀបចំកម្មវិធីសិក្ខាសាលានេះ ឡើងដើម្បីជាគុណប្រយោជន៍ជូនដល់សាលាបណ្តុះបណ្តាលផ្នែករចនា និងវិស័យឯកជនរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ និងគាំទ្រដល់កម្មវិធីសិក្ខាសាលានេះ នឹងបានជម្រាបជូនបញ្ជាក់បន្ថែមថា ដំណើរវិវត្តន៍នៃកម្មសិទ្ធិបញ្ញារបស់កម្ពុជា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ននេះ ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានច្បាប់កម្មសិទ្ធិបញ្ញា រួមមាន៖ (១)ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះត្រង់ (២)ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល (៣)ច្បាប់ស្តីពីប្រកាសសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សហកម្ម (៤)ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ (៥)ច្បាប់ស្តីពីម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ និង (៦)ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រសួងពាណិជ្ជកម្ម ធ្វើការកែទម្រង់និងអនុវត្តតាមកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងបានរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានានាបន្ថែមទៀត និង បានរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជូនដល់វិស័យឯកជន ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុន តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប និងអនឡាញ ដែលធ្វើឱ្យវិស័យឯកជន មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវា ថវិកា និង ចំណេញពេលវេលា៕

https://s2.moc.gov.kh/mocspace/mocspace_1714274214366.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274213963.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214213.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214644.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214671.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214792.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214746.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214494.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214720.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214970.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214998.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214608.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274214750.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274235707.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274235804.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274235180.jpg