ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយភាគីដៃគូសន្ទនាអាស៊ាន នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី
(ប៉េណាំង, ម៉ាឡេស៊ី)៖ នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយភាគីដៃគូសន្ទនាអាស៊ាន រួមមាន៖
១. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី៤៧
២. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុងនៃប្រទេសចិន លើកទី១៣
៣. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៤០
៤. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី៣០
៥. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉ លើកទី៤១
៦. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី៣៣
៧. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី៤២
កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានជាមួយភាគីដៃគូសន្ទនាអាស៊ាន រួមមាន៖ វឌ្ឍនភាពនៃការអនុវត្តនិងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារដែលមានស្រាប់និងការពិភាក្សាលើកម្មវិធីការងារថ្មី ផែនការការងារឆ្នាំ២០២៥ និងការត្រៀមសមិទ្ធិផលសេដ្ឋកិច្ចសម្រាប់កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន។