សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបត្ថម្ភមីចំនួន១៣.០០០កេសដល់កងកម្លាំងប្រដាប់អាវុធ សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

image

ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមទទួលពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរោងចក្រម្សៅមី ម៉ែន សារុន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន ២០ ម៉ឺនម៉ាស់, ផ្លែមៀនចំនួន ១០តោន និងក្រុមហ៊ុនឧកញ៉ា ម៉ែន សារុន ឧបត្ថម្ភថវិកាចំនួន ២ ម៉ឺនដុល្លារអាមេរិកផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ យកចិត្តទុកដាក់អំពីសុខទុក្ខកងទ័ព ជាពិសេស ក្នុងស្ថានការណ៍បច្ចុប្បន្នដែលកងកម្លាំងប្រដាប់អាវុធទាំងមូល និងអាជ្ញាធរដែនដីបាននិងកំពុងចូលរួមនៅក្នុងការទប់ស្កាត់បង្ការនៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាប់ព្រំដែនមិនឲ្យផ្ទុះឡើងនៅក្នុងសហគមន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា នេះគឺជាការគិតគូរខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ជាពិសេសគឺសំដៅទៅសម្រេចឲ្យបាននូវភាពស៊ាំសហគមន៍។ លើសពីនេះ ដើម្បីនាំកម្ពុជាទៅដល់ស្ថានភាពថ្មីនៃ “ការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី” រាជរដ្ឋាភិបាលបាននិងកំពុងត្រៀមដាក់ចេញកញ្ចប់ថវិកាអន្តរាគមន៍ ក្នុងទំហំទឹកប្រាក់ប្រមាណជិត ១ ០០០ លានដុល្លារអាមេរិក សំដៅបន្តប្រយុទ្ធការពារអាយុជីវិតប្រជាពលរដ្ឋ និងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ព្រមទាំងបានដាក់ចេញនូវវិធានការគន្លឺះ ៤ យ៉ាងគឺ៖ (១)-ការបន្តជំរុញចាក់វ៉ាក់សាំងដើម្បីបង្កើតបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចរឹងមាំ (២)-បន្តជំរុញការប្រើនូវឧបករណ៍តេស្តរហ័សក្នុងការរុករកអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា (៣)-ពង្រឹងសមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាំ ព្រមទាំងមធ្យោបាយព្យាបាល ប្រកបដោយស័ក្តិសិទ្ធភាព និង(៤)-បន្តជំរុញអនុវត្តដោយម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព នូវវិធានការចាំបាច់នានា ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល ទាំងវិធានការច្បាប់ ក៏ដូចជាវិធានការផ្សព្វផ្សាយ និងអប់រំ ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាល និងទាក់ទាញការចូលរួមឲ្យបានទូលំទូលាយ និងយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និងគ្រប់ៗរូប៕