ក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រយៈពេល០៧ខែ ឆ្នាំ២០២១

image

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល០៧ខែ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករដ្ឋបាលនិងហិញ្ញវត្ថុ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្ដម លោកអគ្គនាយករង ប្រធាន នាយកដ្ឋាននិងសាខា ក.ប.ប. រាជធានី ខេត្ត។ ជាកិច្ចចាប់ផ្តើម ឯកឧត្ដម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើសេចក្ដីរាយការណ៍ជូនអង្គប្រជុំជ្រាប អំពីសកម្មភាព ការងាររ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សម្រេចបានក្នុងរយៈពេល ០៧ខែ ដើមឆ្នាំ២០២១ កន្លងមក ដោយផ្តោតលើសកម្មភាពសំខាន់ៗ មួយចំនួន មានដូចជា៖ ការងារកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត (រួមមានលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ) ការងារអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ (រួមមានមន្ទីរពិសោធន៍ និងអគារដ្ឋបាល) ការងារគ្រប់គ្រងមន្រ្តីរាជការ ការងារពង្រឹងសមត្ថភាពមន្រ្តី និងកិច្ចសហប្រតិបត្តិការជាតិតំបន់និងអន្តរជាតិ។ បន្ទាប់ពីបានស្តាប់របាយការណ៍ហើយមក ឯកឧត្តរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម ៖ - ត្រូវបន្តជំរុញការរៀបចំឲ្យចប់ជាស្ថាពរ ឈានទៅដល់ការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ - បង្កើនសកម្មភាពទប់ស្កាត់ការក្លែងបន្លំគ្រប់ប្រភេទ និងទប់ស្កាត់ទំនិញខូចគុណភាព ដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ក្នុងការងារនេះ ក.ប.ប. ត្រូវតែបុរេសកម្មក្នុងការចុះត្រួតពិនិត្យទំនិញក្លែងបន្លំ និងទំនិញខូចគុណភាព ដើម្បីទប់ស្កាត់ការបាត់បង់ជីវិត ឬការប៉ះពាល់សុខភាពឲ្យបានជាមុនជាអតិបរិមា ហើយចៀសវាងការចុះពិនិត្យ និងស្រាវជ្រាវតែនៅពេលណាមានករណីកើតឡើង។ - បង្កើនសកម្មភាពអប់រំ ផ្សព្វផ្សាយការយល់ដឹងអំពីស្រា និងបង្កើនសកម្មភាពចុះយកគំរូមកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីរកសារធាតុពុលមេតាណុល ឈានទៅបញ្ឈប់ករណីពុលស្រា ដល់ប្រជាពលរដ្ឋ។ - មន្ត្រីទាំងអស់គ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តការងាររបស់ខ្លួនជាលក្ខណៈអាជីព និងប្រកបដោយគណនីភាពក្នុងនាមជាមន្ត្រីដែលបានទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដោយឈរលើមូលដ្ឋានច្បាប់ជាចម្បង។ ក.ប.ប. មិនត្រូវបង្កើតរបាំងណាមួយដល់ការចរាចរណ៍ទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយត្រូវអនុវត្តតួនាទីនិងភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងក្នុងករណីចាំបាច់ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ - ត្រូវរៀបចំកម្មវិធីការងារដែលត្រូវអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដានវឌ្ឍភាពការងារ ក៏ដូចជាសម្រេចបានសមិទ្ធផលធំៗជូនប្រជាពលរដ្ឋ។