ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការខ្លឹមសារ និងឯកសារ ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ

image

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកនៃអនុគណៈកម្មការខ្លឹមសារនិងឯកសារ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការខ្លឹមសារនិងឯកសារ ក្រោមអធិបតីភាព លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានអនុគណៈកម្មការខ្លឹមសារនិងឯកសារ ហើយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលស្ថិតក្រោមសសរស្តម្ភទាំងបីផងដែរ។ ក្នុងនោះ អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗ មួយចំនួន រួមមាន៖ - ការធ្វើបច្ចុប្បន្នភាពការងារសំខាន់ៗ និងទិសដៅការងារក្នុងការត្រៀមតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដោយសស្តម្ភទាំងបី - ការពិភាក្សាលើឯកសារគន្លឹះស្តីពីអទិភាពនិងសមិទ្ធផល និងសេចក្តីព្រាងខ្លឹមសារគន្លឹះដើម្បីចងក្រងឯកសារព័ត៌មាន និងរៀបចំវីដេអូឃ្លីបខ្លីសម្រាប់ផ្សព្វផ្សាយ - ការត្រៀមរៀបចំសេចក្តីរាយការណ៍ជូនគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខ។ ជាចុងបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអន្តរក្រសួង-ស្ថាប័នក្រោមសសរស្តម្ភទាំងបី ដែលបានខិតខំប្រឹងប្រែងលើការងារត្រៀម និងចូលរួមផ្តល់ធាតុចូល និងមតិយោបល់ក្នុងកិច្ចពិភាក្សាខាងលើ។ អង្គប្រជុំប្តេជ្ញាបន្តសហការគ្នា ធ្វើយ៉ាងណាឱ្យការត្រៀមរៀបចំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យការទទួលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ប្រព្រឹត្តទៅបានដោយរលូននិងប្រកបដោយជោគជ័យ។