ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស

image

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចការជំរុញចរាចរផលិតសក្តានុពលរបស់កម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស នាពេលកន្លងមក តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្ត ជាច្រើន រួមមានជាអាទិ៍៖ - ការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងនោះរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម។ - ការធ្វើកំណែទម្រង់ស្ថាប័ន រួមមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងការបង្កើតក្រុមការងារជាសសរស្តម្ភក្រោមក្រសួងពាណិជ្ជកម្ម។ - ការដាក់ដំណើរការគម្រោងឌីជីថល Go4Cam, CambodiaTrade.com និងការបង្កើតផ្សារពាណិជ្ជកម្មផ្សារភ្ជាប់ទៅនឹងសហគ្រាសមីក្រូ តូចនិងមធ្យម។ - ការចរចាបង្កើតទីផ្សារបន្ថែមតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កម្ពុជា-កូរ៉េ (CKFTA) និងអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី មួយចំនួនទៀត។ និង - ការអនុវត្តយុទ្ធនាការលើកស្ទួយផលិតកម្ពុជា តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម និងជាពិសេសការចូលរួមកែប្រែវិបត្តិឱ្យក្លាយជាឱកាស ក្នុងការជំរុញផលិតផលជាតិក្នុងអំទ្បុងពេលបិទខ្ទប់។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនជាសំខាន់ផងដែរថា តាមរយៈការបន្តអនុវត្តនូវយន្តការខាងលើនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារនេះទ្បើង ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ក្រុមការងារដើម្បីជាទិសដៅអនុវត្តការងារបន្ត ដូចខាងក្រោម៖ - ក្រុមការងារតាមវិស័យនីមួយៗ ត្រូវបន្តសហការ និងគាំទ្រគ្នា (cross-learning) ដើម្បីអាចឱ្យការងារកាន់តែមានភាពប្រទាក់ក្រទ្បាគ្នា និងបំពេញបន្ថែមគ្នាទៅវិញទៅមក - អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំ និងជាពិសេស លទ្ធផលនៃកិច្ចពិភាក្សា ដោយក្នុងបរិការណ៍នេះ គ្រប់សមាជិកនៃក្រុមការងារសុទ្ធតែមានបទពិសោធន៍ឆ្លងកាត់ និងដោះស្រាយបញ្ហានានាក្នុងអំទ្បុងពេលនៃវិបត្តិកូវីដ-១៩នេះ ហើយបរិយាកាសទីផ្សារមានការវិវត្តយ៉ាងឆាប់រហ័ស (ជាពិសេសតម្លៃលើទីផ្សារ) បង្កទ្បើងដោយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺឆ្លង និងការប្រកួតប្រជែងគ្នានៃមហាអំណាចសេដ្ឋកិច្ច - គោលបំណងចម្បងនៃការបង្កើតក្រុមការងារនេះទ្បើង រួមមាន៖ (១) ការជួយដល់បងប្អូនកសិករក្នុងការដាក់លក់ផលិតផលទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស (២) ការជួយដល់អ្នកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឱ្យទទួលបានទំនិញប្រកបដោយគុណភាព និងក្នុងតម្លៃកាន់តែប្រសើរ និង (៣) ការជួយដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនានា ដើម្បីអាចធ្វើពាណិជ្ជកម្មបានយ៉ាងរលូន និងមានភាពប្រកួតប្រជែង អនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ កិច្ចប្រជុំបានបញ្ចប់ទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងបរិយាកាសសោមនស្សរីករាយ។