សេចក្ដីប្រកាសព័ត៌មានស្ដីពី៖ ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារវីង ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់ក្រសួងពាណិជ្ជកម្ម

image

ភ្នំពេញ ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១៖ ក្រសួង​ពាណិជ្ជកម្ម​បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ​ធនាគារ​វីង​ ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព​ជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគា្រសធុនតូច និងមធ្យម​នៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា​៖ “ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ក្នុង​ការ​ឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន​ជាពិសេស​ជាមួយ​ធនាគារវីង ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យមនៅ​កម្ពុជា ​ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​តាមរយៈ​ការលក់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក និងក្រៅប្រទេស​ ឬក៏ដៃគូអាជីវកម្មផ្សេងៗ មិន​ថា​លោកអ្នក​នៅ​ទីណា​ក៏​ដោយ លោកអ្នក​អាចប្រើប្រាស់​ផលិតផល​ខ្មែរបានដែរ​។” ក្រសួងពាណិជ្ជកម្មបានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ សម្រាប់ការចុះឈ្មោះបឋមដោយសហគ្រាសធុនតូច និងមធ្យម នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ (មានទាំងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធដឹកជញ្ជូនផងដែរ) ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ពីធីសម្ពោធជាផ្លូវការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនឹងត្រូវរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនេះ គឺជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដនេះត្រូវបានផ្តួចផ្តើម​បង្កើត និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ ​លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “ភាព​ជា​ដៃគូ​នេះ​អនុញ្ញាត​ឱ្យ​យើង​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​កម្ពុជា​ដោយ​ប្រើ​ការទូទាត់​ប្រាក់​តាម​ឌីជីថល​។ ការទូទាត់​តាម​ឌីជីថល​កំពុង​មាន​ការពេញនិយម​នៅ​ជុំវិញ​ពិភព​លោក​ដោយសារ​ភាពងាយស្រួល​ និង​ មាន​សុវត្ថិភាព​។” ធនាគារវីង​ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីង មានមុខងារច្រើន និងភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ នៅឆ្នាំ ២០២០ ធនាគារវីង បាន​ធ្វើ​ការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ ដោយ​ផ្តល់​សេវាកម្មប្រមូល និង​ ទូទាត់ប្រាក់។ បន្ថែមពីនេះផងដែរ ធនាគារវីង ក៏នឹងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុបែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និង មធ្យម របស់​ផ្សារខេមបូឌាត្រេដ ដោយរៀបចំឲ្យមានជាការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងសកម្មភាពកសាងសមត្ថភាព ផ្សេងៗ​ជាច្រើន​។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងធនាគារវីង នឹងធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា៕