ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើប្រធានបទសំខាន់ៗដើម្បីរៀបចំគោលជំហរ សម្រាប់ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក។

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធវីដេអូ ពិភាក្សាលើប្រធានបទសំខាន់ៗដើម្បីរៀបចំគោលជំហរ សម្រាប់ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការ WTO និងក្រុមការងារនៅក្រសួងពាណិជ្ជកម្ម និងបានជម្រាបពីគោលបំណងនៃកិច្ចប្រជុំនេះ។

ជាកិច្ចបន្ទាប់ ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ ឯកឧត្តម ឡុង កែមវិចិត្រ ឯកអគ្គរាជទូត និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ WTO ដែលបានចូលរួមប្រជុំចរចាផ្ទាល់នៅទីនោះ រាយការណ៍ពីវឌ្ឍនភាពចុងក្រោយលើប្រធានបទសំខាន់ៗ និងបញ្ហានានាដែលសមាជិកអង្គការ WTO កំពុងចរចា និងលទ្ធផលរំពឹងទុក ក្នុងនោះរួមមាន៖ ការឆ្លើយតបរបស់អង្គការ WTO ចំពោះវិបត្តិជំងឺរាតត្បាត ការលើកលែងពាក់ព័ន្ធនឹងទិដ្ឋភាពនៃកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម (TRIPs Waiver) ការស្តុកទុកស្បៀងអាហារសាធារណៈ កម្មវិធីស្បៀងអាហារពិភពលោក ការចរចាស្តីពីកសិកម្ម និងឧបត្ថម្ភធនជលផល កំណែទម្រង់អង្គការ WTO ការចរចាពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជម្រាបអង្គប្រជុំពាក់ព័ន្ធនឹងប្រធានបទ កិច្ចសម្រួលការវិនិយោគផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា អង្គការ WTO កំពុងបន្តប្រជុំចរចាយ៉ាងមមាញឹកមុនកិច្ចប្រជុំ MC12 ដើម្បីអាចសម្រេចបាននូវលទ្ធផលជាដុំកំភួន ហើយទោះបីជាការចរចាលើប្រធានបទមួយចំនួនអាចនឹងមិនបញ្ចប់បានក្នុងអំឡុងពេលកិច្ចប្រជុំ MC12 សមាជិកនឹងសម្រេចឱ្យមានសេចក្តីប្រកាសពហុភាគីសម្រាប់កិច្ចប្រជុំMC12 (Multilateral MC12 Declaration)នេះផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់តំណាងអន្តរក្រសួង-ស្ថាប័នដែលបានចូលរួមកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ និងបានស្នើឱ្យក្រុមការងារស្ថានបេសកកម្ម បន្តរាយការណ៍ជូនបន្ថែមពីវឌ្ឍនភាពក៏ដូចជាលទ្ធផលនៃការប្រជុំចរចាជាបន្តបន្ទាប់ និងពិភាក្សាជាមួយក្នុងក្រុមការងារក្នុងស្រុក លើវឌ្ឍនភាពនៃការចរចានៅអង្គការពាណិជ្ជកម្មពិភពលោក។

គួររំលឹកផងដែរថា កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316291.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316342.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316350.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316460.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316420.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316323.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316529.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316286.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654657316538.jpg