មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើស ប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា តាមប្រព័ន្ធវីដេអូ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

រាជធានីភ្នំពេញ)៖ នាពេលព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា បានចូលរួមជាគណៈអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើស ប្រធាន និងសមាជិក ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ តាមប្រព័ន្ធវីដេអូ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងប្រទេសកាណាដា ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ក.ប.ប លោក ឈាវ ផា អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមាជិក សមាជិកាទាំងអស់ និងបានពន្យល់ណែនាំសង្ខេបពីនីតិវិធីនៃការបោះឆ្នោតដល់អ្នកចូលរួមបោះឆ្នោត។ ឯកឧត្តមបន្តថា កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពចំនួន ៩រូប ដែលនឹងត្រូវក្លាយទៅជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ហើយក៏ជាការិយាល័យតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេសផងដែរ។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដាមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ចំពោះការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាខាងលើបានដំណើការប្រកបដោយរលូន និងស្របតាមនីតិវិធីដោយបានរៀបចំជា ២ដំណាក់កាល ដូចជាដំណាក់កាលទី១៖ការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងចំនួន ៩រូប និងដំណាក់ទី២៖ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានក្នុងចំណាមសមាជិកដែលបានជាប់ឆ្នោតចំនួន ៩រូប។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ជាលទ្ធផលក្នុងការបោះឆ្នោតគឺលោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា ដែលជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd បានជាប់ឆ្នោតជាប្រធាន និង ៨រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248853.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248739.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248541.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248676.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248971.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248905.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248668.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248887.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571248925.jpg