ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ចាម) ៖ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួម គោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាបងប្រុសបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា មរណភាពរបស់សម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត និងជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា និងបានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាចប្រកបដោយឆន្ទៈ មនសិការតាមរយៈការចូលរួមលើកកម្ពស់តម្លៃនីតិរដ្ឋ បម្រើប្រជាជន និងប្រទេសជាតិឱ្យទទួលបានសុខក្សេមក្សាន្ត។

ស្ថិតក្នុងបរិយាកាសដ៏សោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំបំផុតនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងសូមបួងសួងដួងវិញ្ញាណក្ខន្ធរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានយោនយោគកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាពកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨៖២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1652084087643.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084088822.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084088339.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084087969.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084088671.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084088235.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084088090.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084088633.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084088453.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652084089453.jpg