ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមអម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ ( Michael Michlalk ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន អមដំណើរពីលោក ជែក ម្យីន (Jack Myint) នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ លោក បេនចាមីន វ័រឡាអឺ (Benjamin V. Wohlauer) អនុប្រធានបេសកកម្មនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ដែលបានផ្ដល់វ៉ាក់សាំង កូវីដ-១៩ Johnson &Johnson និង Pfizer ដល់កម្ពុជា ហើយសម្តេចតេជោបានបន្តថា ដោយមើលឃើញពីចំនួននៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានកម្រិតទាបនៅកម្ពុជា សម្តេចបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈមួយចំនួន ដោយក្នុងនោះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចសម្រេចថាតើត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូទាំងអស់នូវស្ថានភាពថាមពលរបស់កម្ពុជាដោយក្នុងនោះប្រទេសកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី ដែលផលិតដោយវារីអគ្គិសនីសរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា ៤.១% និង ជីវឧស្ម័នចំនួន០,២៨%។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះការដំឡើងរោងចក្ររថយន្តនៅខេត្តពោធិ៍សាត់ ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សំគាល់។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ហើយបានសម្តែងការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ នេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ហើយ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងការអនុញ្ញាតឱ្យមានជំនួបដោយផ្ទាល់នាថ្ងៃនេះ។

នៅកិច្ចបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នូវសក្តានុពល អំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងបានអំពាវនាវ ឱ្យវិនិយោគិនសហរដ្ឋអាម៉េរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខបន្ថែមទៀត៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538270.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538171.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538373.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538141.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538259.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538382.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538290.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1652082538558.jpg