ប្រតិភូក្រសួងពាណិជ្ជកម្ម ស្នើភាគីចិនយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម លើផលិតផលកសិកម្ម
(យុនឆឹង-សាន់ស៊ី ប្រទេសចិន)៖ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមពិព័រណ៍ពាណិជ្ជកម្ម ផ្លែឈើអន្តរជាតិលើកទី៤ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយុនឆឹង ខេត្តសាន់ស៊ី ប្រទេសចិន ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការចាប់អារម្មណ៍ខ្ពស់ ចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្មលើកផលិតផលកសិកម្មកម្រិតអន្តរជាតិនាពេលនេះ។
ថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សំ សិរីរតន៍ ប្រធានប្រតិភូ បានរំលេចពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ក្នុងគន្លងខ្សែក្រវាត់ និងផ្លូវ បានជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឡើងដល់កម្រិតដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន ក្នុងនេះចិននៅតែឈរក្នុងលំដាប់ឈានមុខគេនៃការធ្វើវិនិយោគ និងទេសចរណ៍នៅកម្ពុជា។
បន្ទាប់មក គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយលោក លាវ ចឺហុង លេខាបក្សក្រុង យុនឆឹង ខេត្តសាន់ស៊ី ដោយក្នុងជំនួបនេះ ឯកឧត្តម សំ សិរីរតន៍ បានលើកឡើងពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាពិសេស គឺការវិនិយោគលើវិស័យកសិកម្ម ដូចជាការកែច្នៃកសិផលទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកផង និងជំរុញការនាំចេញទៅទីផ្សារអន្តរជាតិផង ខណៈដែលកម្ពុជា នៅតែមានឧត្តមភាព និងភាពអនុគ្រោះពាណិជ្ជកម្មនៅឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើភាគីចិន ជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មលើផលិតផលកសិកម្ម ជាពិសេសរវាងផ្លែប៉ោម ក្រុងយុនឆឹង និងផលិតផលកសិកម្មកម្ពុជា។
ជាការឆ្លើយតបលោក លាវ ចឺហុង បានមានប្រសាសន៍ថា លោកគាំទ្រតាមសំណើរបស់ឯកឧត្តមប្រធានគណៈប្រតិភូកម្ពុជា ភាគីចិន មានគម្រោងនឹងដឹកនាំគណៈប្រតិភូពាណិជ្វកម្ម ធុរជន និងវិនិយោគគិន ខេត្តសាន់ស៊ី អញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នៅឆ្នាំក្រោយ។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ បានជំរុញឱ្យមានការផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញទៅមក រវាងប្រទេសកម្ពុជា និងខេត្តសាន់ស៊ី ដើម្បីជំរុញឱ្យពាណិជ្ជករ និងអ្នកវិនិយោគ មានទំនាក់ទំនងដោយផ្ទាល់ និងមានឱកាសបានចាប់ដៃគូពាណិជ្ជកម្មលើវិស័យកសិកម្មផងដែរ។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ




