រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញខ្ទឹមស ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្
(ព្រះសីហនុ)៖ ទំនិញខ្ទឹមសនាំចូលពីប្រទេសចិន ដែលមានផ្ទុកសារធាតុគីមីប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិទម្ងន់ជាង ២៥តោន ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ធ្វើការដុតកំទេចចោល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីការពារសុខមាលភាពជូនប្រជាពលរដ្ឋ។
ពិធីដុតកំទេចទំនិញ បានធ្វើឡើងនៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមគណ:អធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី និងតំណាងស្ថាប័នពាក់ព័ន្ធប្រមាណជាង ៤០រូប។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានដកហូតខ្ទឹមសដ៏មានគ្រោះថ្នាក់ទាំងអស់ មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដូចជាធ្វើឱ្យអ្នកបរិភោគក្អួត រាគ ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច និងពិបាកដកដង្ហើម ហើយអាចបណ្តាលឱ្យស្លាប់បាន ក្នុងករណីធ្ងន់ធ្ងរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ការដុតកំទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ថា «បញ្ហាសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសកម្ពុជា គឺជាអតុល្យភាពទី១ ក្នុងចំណោមចំណុចអវិជ្ជមាន ឬអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ»។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់មន្ត្រីសាខាកាំកុងត្រូលទាំងអស់ បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមកម្មវិធីអភិក្រម ស្តីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។
សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ អគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព ទម្ងន់សរុបចំនួន ៦៦តោន (បន្លែ ផ្លែឈើ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងសាច់ស្រស់មានផ្ទុកសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម) យកទៅដុតកំទេចចោល នៅក្នុងនោះទំនិញទម្ងន់ ៥,៣តោន ត្រូវបានរឹបអូសពីមាត់ច្រកព្រំដែន និងនៅតាមទីផ្សារនៃខេត្តព្រះសីហនុ។
លើសពីនេះ ដើម្បីឆ្លើយតបទាន់ពេលវេលា ចំពោះទំនិញផ្ទុកសារធាតុគីមី ឬខូចគុណភាពនៅលើទីផ្សារ ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តចំនួន ៣គ្រឿង (២គ្រឿង សម្រាប់ត្រួតពិនិត្យ និងវិភាគគំរូផលិតផលម្ហូបអាហារ និង ១គ្រឿងសម្រាប់ត្រួតពិនិត្យគុណភាព និងបរិមាណប្រេង នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស) ហើយបានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តចំនួនបី រួមមាន៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ,ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីភាពប្រកួតប្រជែង សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីថែមទៀត។



