ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន

31 Dec 2018 / 10:00 AM

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។

នៅក្នុងឱកាសដ៏នក្ខតឫក្សនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីក្រោមឱវាទ មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរបានអញ្ជើញទស្សនាស្តង់សមិទ្ធផល ២០ឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារពាណិជ្ជកម្ម និងផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទឧទ្ទេសនាមជូនសម្តេចទាំងពីរ ឱ្យបានជ្រាបថា ក្នុងរយៈពេល២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន (១៩៩៨-២០១៨) ក្រសួងពាណិជ្ជកម្ម សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ដោយកម្ពុជាបានទទួលជោគជ័យលើការបើកទីផ្សារ និងនាំចេញទំនិញទៅកាន់ប្រទេសចំនួន ១៤៧ នៅក្នុងពិភពលោក។ ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨ ជាមួយបណ្តាប្រទេសនានា សម្រេចបាន ទំហំទឹកប្រាក់ ២៤.៩៨៥,០០ លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹម ២៣.៧៩៦,០០ លានដុល្លារអាមេរិក។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់ ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកទស្សនាស្តង់សមិទ្ធផលក្រសួងពាណិជ្ជកម្មផងដែរថា៖ ការនាំចេញរយៈពេល ២០ឆ្នាំ បន្តបន្ទាប់ (១៩៩៨-២០១៨) របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកំពុងមានការលូតលាស់ យ៉ាងខ្លាំងជាលំដាប់ ដោយនៅឆ្នាំ២០១៨នេះ ការនាំចេញមានទំហំទឹកប្រាក់ ១២.២៥៥,៤០ លានដុល្លារ មានការកើន ឡើងប្រមាណជាង ១៥ដង លើតួលេខនាំចេញកាលពីឆ្នាំ១៩៩៨ ដែលមានចំនួនប្រមាណតែ ៧៩៥,០០ លានដុល្លារ ប៉ុណ្ណោះ។

«អត្រាកំណើននេះ បានមកពីការកើនឡើងនៃការនាំចេញ នៃផលិតផលកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង កង់ ផលិតផលកសិកម្ម និងកំណើននៃវិស័យលក់ដុំ-លក់រាយបន្ទាប់បន្សំដទៃទៀត។ ប្រទេសដែលកម្ពុជានាំចេញទៅច្រើនជាងគេ (១០ប្រទេស) គឺ សហរដ្ឋអាមេរិក អាឡឺម៉ង់ អង់គ្លេស ជប៉ុន កាណាដា ចិន អេស្ប៉ាញ ប៊ែលហ្សិក បារាំង និងហូឡង់» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

សូមជម្រាបថា វិស័យពាណិជ្ជកម្ម គឺជាចលករមួយដ៏សំខាន់ ក្នុងចំណោមកម្លាំងចលករដទៃទៀត ក្នុងការធ្វើឱ្យកម្ពុជា អាចរក្សាបាននូវ ចីរភាពកំណើនសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងពហុភាគី បើកច្រកទីផ្សារ និងការជំរុញការវិនិយោគ។ កិត្យានុភាពរបស់កម្ពុជា ក៏ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ តាមរយៈការងារចរចាពាណិជ្ជកម្មផងដែរ ដែលឆ្នាំ១៩៩៩ កម្ពុជាបានចូលជាសមាជិកអាស៊ាន ហើយនៅឆ្នាំ២០០៤ កម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនទៀត ដូចខាងក្រោម៖

-ដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ ដូចជា៖ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ។ល។ ដើម្បីសម្រួលដល់ការប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជន

-ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាច្រើន ត្រូវបានអនុម័ត និងពង្រឹងការអនុវត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម

-បង្កើនទីផ្សារ និងជំរុញការនាំចេញផលិតផលខ្មែរ តាមរយៈការងារជំរុញពាណិជ្ជកម្ម ដូចជា ការចូលរួមពិព័រណ៍ ពិភពលោក និងពិព័រណ៍អន្តរជាតិនានា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មក្រៅប្រទេស ។ល។

-កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ បានកើនឡើង តាមរយៈការងារទំនាក់ទំនងទ្វេភាគី និងពហុភាគី

-វិស័យឯកជន មានការកើនឡើង តាមរយៈការអភិវឌ្ឍពាណិជ្ជកម្មក្នុងប្រទេស ការបណ្តុះបណ្តាល និងការលើក កម្ពស់សមត្ថភាពសហគ្រិនភាព និងអ្នកផលិត

-កេរ្តិ៍ឈ្មោះ និងគុណភាពអង្ករកម្ពុជា ទទួលបានកិត្យានុភាពសម្រាប់ទីផ្សារអន្តរជាតិ តាមរយៈការអនុវត្តគោល នយោបាយស្រូវ-អង្ករ និងការអនុម័តលើការចុះបញ្ជីម៉ាកវិញ្ញត្តិកម្ម “Malys Angkor” ជូនដល់សហព័ន្ធស្រូវអង្ករកម្ពុជា

-ចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) សម្រាប់ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” និង “ក្រូចថ្លុង កោះទ្រង់ខេត្តក្រចេះ”

-គ្រប់គ្រងបាននូវគុណភាព និងសុវត្ថិភាពទំនិញ តាមរយៈការងារត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងការ បង្រ្កាបការក្លែងបន្លំទំនិញ (កាំកុងត្រូល)

-គ្រប់គ្រងអតិផរណា និងរក្សាបាននូវស្ថិរភាពថ្លៃទំនិញ តាមរយៈការតាមដាន និងសហការដោះស្រាយជាមួយ វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

លទ្ធផលសម្រេចបាន ដ៏គួរជាទីមោទនៈភាព ដូចបានជម្រាបជូនខាងលើនេះ គឺដោយសារការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមដ៏ពេញលេញ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានកិច្ចការពិព័រណ៍

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ” 15 Dec 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION