ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពី វិនិយោគ រវាងអាស៊ាន និងហុងកុង

13 Nov 2017 / 10:00 AM

ម៉ានីឡា, ហ្វីលីពីន៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ពីរ ក្នុងអំឡុងពេលអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋលេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្ម ចិនហុងកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ចំនួនពីរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពីវិនិយោគ រវាងអាស៊ាន និងហុងកុង។

នេះគឺជាជោគជ័យថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម និងអនុម័តយល់ព្រមលើពិធីសារនៃការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន សាធារណរដ្ឋប្រជាមានិតចិនកាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

គោលបំណងសំខាន់ៗ នៃកិច្ចព្រមព្រៀងទាំងពីរគឺ៖ (១) កាត់បន្ថយរបាំងចំពោះលំហូរពាណិជ្ជកម្មទំនិញ សេវា និងវិនិយោគ ធើ្វឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនូវការផ្សារភ្ជាប់សេដ្ឋកិច្ច កាត់បន្ថយចំណាយសម្រាប់ធុរជន បង្កើនពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើតទីផ្សារកាន់តែធំទូលាយជាមួយកាលានុវត្តភាពច្រើនជាងមុន និងសេដ្ឋកិច្ចមាត្រដ្ឋានកាន់តែធំសម្រាប់ធុរកិច្ច (២) ធ្វើពិពិធកម្ម និងជំរុញពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគី (៣) ផ្តល់ការអនុគ្រោះពិសេស និងដោយឡែក ចំពោះរដ្ឋជាសមាជិកអាស៊ានថ្មី ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីបង្កើនការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងជាងមុន និងពង្រីកការនាំចេញ តាមរយៈការបង្កើនសមត្ថភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងស្រុក (៤) ជួយទ្រទ្រង់ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងធ្វើឲ្យមានភាពល្អប្រសើរឡើងនូវលំហូរវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាស៊ាន រួមមានកម្ពុជាផង ក៏ដូចជា ហុងកុង។ លើសពីនេះទៀត នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានហុងកុង តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ។ កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ដោយសារហុងកុង ជាទីផ្សារមូលធនដ៏ធំ។

គួររំលឹកថា កិច្ចព្រមព្រៀងសំខាន់ទាំងពីរ ត្រូវបានចាប់ផ្តើមចរចាដំបូងនៅឆ្នាំ២០១៤ និងបានបញ្ចប់នាកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មអាស៊ាន-ហុងកុង លើកទី១០ នៅទីក្រុងបាងកក ថៃឡង់ដ៏ កាលពីខែកក្កដា ឆ្នាំ២០១៧។ ក្រោយនោះ មានការងារបច្ចេកទេសលម្អិតជាច្រើន ត្រូវបានបន្តធ្វើ ដូចជាការងាររៀបចំឲ្យមានការឯកភាពគ្នាក្នុងការប្រើប្រាស់ពាក្យពេចន៍គន្លឹះមួយចំនួន តារាងបញ្ចុះពន្ធគយចុងក្រោយ ទម្រង់រួមនៃតារាងពន្ធគយ។ល។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រធានក្រុមចរចាបានឈានដល់ការឯកភាពគ្នាទាំងស្រុងលើអត្ថបទចុងក្រោយនៃកិច្ចព្រមព្រៀង ដែលរួចរាល់សម្រាប់ការចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយរដ្ឋលេខាធិការនៃចិនហុងកុង។

 

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្មគម្រប់ព្រះជន្ម ៨២ យាងចូល ៨៣ ព្រះវស្សា 14 Jun 2018 / 02:00 PM
ពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ២គ្រឿង ជូនដល់មណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម 14 Jun 2018 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃឡង់ដ៏ 13 Jun 2018 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស! 07 Jun 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តាំមន្ត្រីពង្រឹងកិច្ចសហការ និងគោរពឋានានុក្រម ដើម្បីធានាប្រសិទ្ធភាពការងារ 07 Jun 2018 / 02:00 AM
ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តបន្ទាយមានជ័យ 07 Jun 2018 / 01:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី 06 Jun 2018 / 04:00 AM
កិច្ចប្រជុំលើកទី២ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 06 Jun 2018 / 02:00 AM
កិច្ចប្រជុំលើកទីមួយ នៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី 05 Jun 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញមោទនភាពចំពោះការវិនិយោគ និងសមិទ្ធផលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប 04 Jun 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION