បង្កើនសមត្ថភាពប្រកូតប្រជែងរបស់អ្នកផលិត ផលិតផលជលផល និងធុរកិច្ចតាមរយៈការកសាងសមត្ថភាព

 


ខេត្តកំពត ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧ - កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញផលិតផលជលផលសមុទ្រកម្ពុជា សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើនសមត្ថភាពប្រកូតប្រជែងរបស់អ្នកផលិត ផលិតផលជលផល​
 និងធុរកិច្ច តាមរយៈការកសាងសមត្ថភាព» ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលារយៈពេលពីរថ្ងៃបានចាប់ផ្តើមនៅថ្ងៃទី ១ ដល់ទី ២ ខែសីហា ឆ្នាំ២០១៧ នៅខេត្តកំពត មានអ្នកចូលរួមប្រមាណ ៦០នាក់ មកពីមន្រ្តីក្រុមស្នូលរបស់គម្រោង មន្ទីពាណិជ្ជកម្មខេត្ត វិស័យឯកជន ខ័ណ្ឌរដ្ឋបាលជលផល និងសហគ្រាសឯកជនមកពីខេត្តតាមតំបន់ឆ្នេរ។

 

 

 

នៅក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលា ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះដោយ ឯកឧត្ត បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន យើងបានផ្តោតការយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពចំណីអាហារសមុទ្រ និងគុណភាពរបស់តួអង្គនៅក្នុងសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនការប្រកួតប្រជែងអាជីវកម្មរបស់យើងកាន់តែប្រសើរជាងមុននៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។»

 

 


ក្នុងរយៈពេលពីរថ្ងៃនេះ អង្គសិក្ខាកាមបានយល់ដឹងបន្ថែមលើចំនុចពីរសំខាន់រួមមាន ការអភិវឌ្ឍអាជីវកម្ម និងការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធសុវត្ថិភាពចំនីអាហារ។ សិក្ខាសាលាទាំងពីរថ្ងៃនេះ បានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់អ្នកទទួលផលពីគម្រោងលើការអភិវឌ្ឍអាជីវកម្ម និងផ្នែកច្បាប់ ដូចជាការរៀបចំគម្រោងពាណិជ្ជកម្ម ការរៀបចំផលិតផល និងការបង្កើតទីផ្សារ ការចុះឈ្មោះអាជីវកម្ម និងកម្មសិទ្ធិបញ្ញា។ ដើម្បីសិក្សាស្វែងយល់លើការអនុវត្តន៍ជាក់ស្តែងលើប្រព័ន្ធសុវត្ថិភាពចំណីអាហារ HACCP ដូចជាប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព ចំនុចគ្រោះថ្នាក់ចំណីអាហារ និងការអនុវត្តន៍ សិក្ខាសាលាក៏បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីរយៈពេលមួយម៉ោង ដោយបានផ្សារភ្ជាប់ជាមួយការចុះធ្វើទស្សនៈកិច្ចសិក្សាទៅកាន់ក្រុមហ៊ុន កំពតស៊ីហ្វូដ និងក្រុមហ៊ុន អ៊ីឆេង៉ូវហេង ហ្វូដប្រូដាក់សិនផងដែរ។ ក្រុមហ៊ុនទាំងពីរខាងលើ
 បានទទូលវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ HACCP ដែលបានគាំទ្រដោយគម្រោង EIF CEDEP II។ ក្នុងដំណើរទស្សនៈកិច្ចសិក្សាទៅកាន់ទីកន្លែងផលិតផ្ទាល់នោះផងដែរ បានបំផុសគំនិតអ្នកចូលរួមទាំងអស់ស្វែងយល់ពីភាពចាំបាច់របស់ប្រព័ន្ធសុវត្ថិភាពចំណីអាហារ HACCP និងពិចារណារៀបចំផែនការអាជីវកម្មរបស់ខ្លួន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយជោគជ័យជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់វាគ្មិន សិក្ខាកាម តាមរយៈការចែករំលែកបទពិសោធន៍នានាតាមវិស័យ និងជំនាញ។

 

 


សាវតាគម្រោងជលផលសមុទ្ររបស់កម្មវិធី EIF CEDEP II
គម្រោងផលិតផលជលផលសមុទ្ររបស់កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន២៖ ជាគម្រោងមួយដែលបានបង្កើតឡើងដើម្បីបង្កើនបរិមាណ និងតម្លៃពាណិជ្ជកម្ម ផលិតផលជលផលសមុទ្រកម្ពុជានៅទីផ្សារក្នុងតំបន់ និងអន្ដរជាតិ។ គម្រោងនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម និងសហការអនុវត្តដោយក្រសួងពាណិជ្ជកម្ម អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល។

 

 

 ស្ថិតិអ្នកចូលទស្សនា

  • 12
  • 80
  • 418
  • 3368
  • 499007