ក្រសួងអភិវឌ្ឍន៍កសិកម្មនៃប្រទេសនេប៉ាល់ផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តន៍គម្រោងជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា

 

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ ក្រសួងពាណិជ្ជកម្មបានទទួលជួបគណៈប្រតិភូក្រសួងអភិវឌ្ឍន៍កសិកម្ម ដែលជាស្ថាប័នអនុវត្តន៍គម្រោងផលិតផលកសិកម្មតម្លៃខ្ពស់នៅតំបន់ជំរាល និងតំបន់ភ្នំ (HVAP) របស់ប្រទេសនេប៉ាល់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ភ្នំពេញ ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងស្តីពីការអនុវត្តល្អបំផុតលើខ្សែរសង្វាក់ផលិតកម្ម កសិ-ពាណិជ្ជកម្ម ការបង្កើនប្រាក់ចំណូល និងការជម្រុញកំណើនសេដ្ឋកិច្ច ដែលអនុវត្តដោយក្រសួងនៃប្រទេសទាំងពីរ ។

 


ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះដែរ លោក Hari Madan Adhikari មន្រ្តីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សមត្ថភាព បានធ្វើបទបង្ហាញដោយសង្ខេបជំរាបជូន ឯកឧត្តម ប៉ែន សុវិជាតិ អគ្គនាយនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង AIMS ព្រមទាំងក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ពីគោលបំណង និងគោលដៅរបស់គម្រោង HVAP ព្រមទាំងសកម្មភាព និងសមិទ្ធិផលសំខាន់ៗ ក៏ដូចជាបច្ចេកទេសដែលបានអនុវត្ត និងសម្រេចបានក្រោមគម្រោង HVAP ព្រមជាបទពិសោធន៍ល្អៗទទួលបានពីសកម្មភាពអនុវត្តគម្រោង HVAP ។ ទន្ទឹមនឹងនេះដែរ គណៈប្រតិភូនៃប្រទេសនេប៉ាល់ បានសម្តែងនូវការចាប់អារម្មណ៍ចំពោះដំណើរការរៀបចំអនុវត្តគម្រោងទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) ដែលបានកំពុងអនុវត្តដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងយន្តការពាក់ព័ន្ធនានា ដែលអាចឱ្យកសិករខ្នាតតូចនៅប្រទេសកម្ពុជាទទួលបានសេវាគាំទ្រមួយចំនួន ទទួលបានឥណទាន និងទីផ្សារសម្រាប់កសិផលរបស់ពួកគាត់ ។

 


ឆ្លើយតបទៅនឹងបទពិសោធន៍ ដែលបានចែករំលែកក្នុងពេលជំនួបពិភាក្សានេះផងដែរ ឯកឧត្តម ប៉ែន សុវិជាតិ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន លើបទពិសោធន៍ក្នុងសកម្មភាពអនុវត្តគម្រោង HVAP ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាមានបទពិសោធន៍ស្រដៀងគ្នាជាពិសេសទៅនឹងគម្រោង HVAP របស់ប្រទេសនេប៉ាល់ ទាំងផ្នែកកសិកម្ម និងលក្ខខ័ណ្ឌសេដ្ឋកិច្ច សម្រាប់បម្រើឲ្យកសិករខ្នាតតូច ដែលនេះជាចំនុចសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគម្រោង HVAP មកកាន់ប្រទេសកម្ពុជា ។ ឯកឧត្តម ក៏បានបញ្ជាក់ពីគោលបំណងរបស់លោកក្នុងការដឹកនាំក្រុមការងារគម្រោង AIMS ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសនេប៉ាល់ ដើម្បីពិនិត្យមើលពីលក្ខ័ណ្ឌពាក់ព័ន្ធនានា រចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បម្រើឲ្យការអនុវត្តគម្រោង HVAP រួមទាំងទស្សនកិច្ចទៅកាន់អង្គភាពពាក់ព័ន្ធរបស់រដ្ឋាភិបាលនៃប្រទេសនេប៉ាល់ សមាគមន៍កសិករ និងក្រុមហ៊ុនឯកជន ក្នុងគោលដៅសិក្សាស្វែងយល់បន្ថែមទៀតពីរបៀបអនុវត្តគម្រោង HVAP និងយន្នការដទៃទៀត ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅប្រទេសនេប៉ាល់ ។

 


គួបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគម្រោង HVAP គាំទ្រដោយកម្មវិធី IFAD សម្រាប់ប្រទេសនេប៉ាល់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់គម្រោងអភិវឌ្ឍន៍កសិកម្ម និងជម្រុញកំណើនសេដ្ឋកិច្ច (PADEE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគម្រោងទាំងនេះ ទទួល បានការគាំទ្រដោយកម្មវិធី IFAD ផងដែរ ។

 







ស្ថិតិអ្នកចូលទស្សនា

  • 26
  • 57
  • 150
  • 4199
  • 499838