ក្រសួងពាណិជ្ជកម្មស្នើរសុំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់និរន្តរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារនៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើរបៀបវារៈមួយចំនួន ពាក់ព័ន្ធទៅនឹងការពិនិត្យឡើងវិញនូវរាល់សកម្មភាពរបស់គម្រោងគាំទ្រដោយ ADB ដែលបានកំពុងបន្តអនុវត្ត និងពិភាក្សាលទ្ធភាពគាំទ្រសកម្មភាពអាទិភាពមួយចំនួនរបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៨ - ២០២០ ។

 


លោក Jan Hansen បានជំរាបជូនលោកជំទាវរដ្ឋលេខាធិការថា៖ ក្រុមការងារបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាននិវេសដ្ឋានប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រសួងពាក់ព័ន្ធមួយចំនួនសម្រាប់បេសកកម្មកម្មវិធីរបស់ខ្លួននៅឆ្នាំ២០១៧នេះ ដើម្បីពិនិត្យឡើងវិញ និងបញ្ជាក់ជាមួយរដ្ឋាភិបាលអំពីការផ្តល់ជំនួយ និងប្រាក់កម្ចីសម្រាប់ ២០១៨ - ២០២០ ។ លោក Jan Hansen បានជំរាបលោកជំទាវរដ្ឋលេខាធិការថា៖ សម្រាប់គម្រោងឆ្នាំ២០១៨ រួមមាន៖ គម្រោងកសាងសមត្ថភាពសម្រាប់កែលម្អប្រព័ន្ធធារាសាស្រ្ត ការអនុវត្តអនុកម្មវិធីទី៣នៃកម្មវិធីអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយបរិយាប័ន កម្មវិធីកសាងសមត្ថភាពសម្រាប់ពង្រឹងកំណែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកសាងសមត្ថភាពដើម្បីអភិវឌ្ឍន៍ភាពជាដៃគូរវាងវិស័យសាធារៈ និងវិស័យឯកជន និងកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និង កម្មវិធីគាំទ្រសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក Jan Hansen ក៏បានស្នើរសុំអនុសាសន៍លោកជំទាវរដ្ឋលេខាធិការសម្រាប់កម្មវិធីអាទិភាពដែល ADB គួដើរតួនាទីគាំទ្រក្រសួងពាណិជ្ជកម្មសម្រាប់រយៈពេលបីឆ្នាំខាងមុខ ។

 

 


មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាង ADB លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសតាមរយៈកម្មវិធីពាណិជ្ជកម្មមួយចំនួនដែល ADB បានជួយ ។ ឆ្លើយតបទៅនឹងរបៀបវារៈដែលបានលើកឡើងដោយតំណាង ADB លោកជំទាវបានជំរាបជូនភ្ញៀវថា៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានជោគជ័យគួឲ្យកត់សម្គាល់នូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧,៧% តែកំណើននេះ ត្រូវបានជំរុញដោយវិស័យមួយចំនួនតូចប៉ុណ្ណោះ និងមិនអាចធានាបាននិរន្តរភាពរយៈពេលវែងបានទេ ល្គឹកណាមានការគាំទ្រពីកម្មវិធីពិពិធកម្មមួយចំនួនច្បាស់លាស់ ។

 

 


លោកជំទាវរដ្ឋលេខាធិការ បានស្នើសុំ ADB ជួយពិនិត្យលទ្ធភាពគាំទ្រដល់វិស័យផ្សេងទៀតដូចជា៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីអភិវឌ្ឍវិស័យឯកជនក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន (PPP) កម្មវិធីកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធ ASYCUDA បច្ចុប្បន្ន ។ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាកិច្ចប្រឹងប្រែងនានាក្នុងការកាត់បន្ថយគម្លាតជំនាញ និងបង្កើតនិរន្តរភាពសម្រាប់វិស័យពាក់ព័ន្ធ ពិតជាបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចចីរភាពរបស់ប្រទេសកម្ពុជា ។

 


ក្រៅពីនេះ នៅមានវិស័យមួយចំនួនទៀត ដែលគួពិចារណារួមមាន៖ កម្មវិធីកសិឧស្សាកម្មកែច្នៃនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កម្មវិធីពិពិធកម្មផលិតផលសម្រាប់នាំចេញ វិស័យឧស្សាហកម្មធន់ស្រាល លើកកម្ពស់ការផ្ទេរចំណេះដឹងបច្ចេកវិទ្យា និងការធ្វើទំនើបកម្មជំនាញជំនាញបច្ចេកវិទ្យា ឬលទ្ធភាពរៀបចំបង្កើតវិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ជាជំរើសមួយដ៏ល្អសម្រាប់កម្មវិធីបង្កើនជំនាញ ។ ប្រការគួឲ្យកត់សម្គាល់ផងដែរនៅត្រង់ថា អ្នកវិនិយោគិនមានបំណង និងអាចវិនិយោគនៅក្នុងប្រទេសមួយបាន ល្គឹកណាប្រទេសនោះមានកម្លាំងពលកម្មប្រកបដោយចំណៈដឹង និងជំនាញច្បាស់លាស់ ដែលបានទទួលការបណ្តុះបណ្តាលសមរម្យតាមរយះការលើកកម្ពស់បច្ចេកវិទ្យា ការរៀនសូត្រដកបទពិសោធន៍ និងមានមូលដ្ឋានគាំទ្ររឹងមាំ ។

 


លោក Jan Hansen បានសម្តែងចំណាប់ចំពោះសំណើនានា ដែលលោកជំទាវរដ្ឋលេខាធិការ បានលើកឡើងទាក់ទងទៅនឹងកម្មវិធីជំនួយពាណិជ្ជកម្មសម្រាបឆ្នាំ២០១៨-២០២០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងបានសន្យាថាក្រុមបេសកកម្មនឹងធ្វើការពិនិត្យ និងសម្របសម្រួលដាក់ចូលសំណើទាំងនោះទៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកម្មជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ។

 ស្ថិតិអ្នកចូលទស្សនា

  • 13
  • 224
  • 487
  • 4077
  • 523876