អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ សន្យាគាំទ្រគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសកម្ពុជា

នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងនាម ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាត្តិឲ្យឯកឧត្តមលី យ៉ុង អគ្គនាយកនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងគណៈប្រតិភូអមដំណើរចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ នេះជាផ្នែកមួយនៃដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជំនួបសាវនាការជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត ។


ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សានាឱកាសនោះ លោកជំទាវ រដ្ឋលេខាធិ បានសម្តែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អង្គការ UNIDO កន្លងមក ជាពិសេសនៅក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ។ ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាបានកំពុងស្វែងរកការគាំទ្របន្ថែមទៀតពីអង្គការ UNIDO ជាពិសេសការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) សំដៅសម្រេចឲ្យបាននូវសូចនាករ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត IDP ពោលគឺការប្រែក្លាយជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមត្រឹមឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៥០ ។


ឆ្លើយតបទៅនឹងប្រសាសន៍របស់លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក បានសន្យាគាំទ្រប្រទេសកម្ពុជាដើម្បីសម្រេចឲ្យបាននូវគោលដៅ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្ត IDP ។ ឯកឧត្តម បានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) និងផ្សារភ្ជាប់ទៅនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រ SMEs របស់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ។ លើសពីនេះទៀត ឯកឧត្តម អគ្គនាយក ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាព និងគម្រោងថាមពលកកើតឡើងវិញ និងភាពធន់ចំពោះបរិស្ថាន ។ ស្របពេលជាមួយគ្នានេះដែរ វិស័យកសិកម្ម ក៏ជាវិស័យមួយមានសារៈសំខាន់ និងចាំបាច់បំផុតមិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន ដោយបានផ្តោតលើតម្លៃបន្ថែម រួមមានកសិឧស្សាហកម្ម និងការកែច្នៃ ។ ឆ្លៀតពេលដ៏មានតម្លៃនេះផងដែរ ឯកឧត្តម អគ្គនាយកក៏បានណែនាំកម្មវិធីក្នុងភាពជាដៃគូជាមួយប្រទេសកម្ពុជា (PCP) ដែលអង្គការ UNIDO បានជ្រើសរើសយកប្រទេសបីជាប្រទេសគំរូរួចហើយ ក្នុងនោះមានប្រទេសអេត្យូពី សេណេហ្គាល់ និងប្រទេសប៉េរូ ដែលកម្មវិធីនេះទទួលបានជោគជ័យគួឲ្យកត់សំគាល់ ។

 


លោកជំទាវរដ្ឋលេខាធិការ ​​​​​​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមអគ្គនាយកនៃអង្គការ UNIDO ដែលបានប្តេជ្ញារបន្តគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្ត IDP នេះបន្តទៀត ។ លោកជំទាវ បានជំរាបជូនភ្ញៀវថា ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ មានការរីកចម្រើនជាលំដាប់ ជាមួយគ្នានេះក៏នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តអនុវត្ត ។ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីតម្រូវការផ្នែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា និងផ្សារភ្ជាប់ចំណេះទាំងនោះចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា ប្រែក្លយាជាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ ។ ស្របពេលជាមួយគ្នានេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចក៏មានសារៈសំខាន់ផងដែរសម្រាប់កម្ពុជា ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចឆ្នើមរបស់ខ្លួន និងប្រាសចាកពីប្រទេសដែលមានកំរិតប្រាក់ចំណូលមធ្យម ។ ទោះជាយ៉ាងណាក្តី សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែពឹងផ្អែកទៅលើឧស្សាហកម្មដែលមានចំនួនតិចតួច ក្នុងនោះមានវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ ដែលប្រការនេះចាំបាច់ត្រូវពង្រីក និងធ្វើពិពិធកម្មបន្ថែម ។ ចំពោះកម្មវិធី PCP វិញ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងភាពរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្តួចផ្តើមនាំយក PCP នេះមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ។

 

 







ស្ថិតិអ្នកចូលទស្សនា

  • 6
  • 14
  • 150
  • 4156
  • 499795