កម្មវិធីចម្អិនម្ហូបតាមបែបទំនើប ដើម្បីលើកកម្ពស់ទីផ្សារក្នុងស្រុកសម្រាប់ផលិតផលជលផលកម្ពុជា

 

ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ - កម្មវិធីចម្អិនម្ហូបតាមបែបទំនើបដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលជលផលកម្ពុជា ត្រូវបានរៀបចំឡើងដោយសមាសភាគផលិតផលជលផលសមុទ្រ រួមជាមួយសមាសភាគវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងសហព័ន្ធចុងភៅកម្ពុជា ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហាន ២ ដែលសមាសភាគទាំងពីរនេះ ស្ថិតនៅក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈមូលនិធិពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសមាជិកសហព័ន្ធចុងភៅកម្ពុជា តំណាងភោជនីយដ្ឋាន អ្នកនាំចេញ និងស្ថាប័នចែកចាយធំៗក្នុងប្រទេសកម្ពុជាសរុបប្រមាណ ៦០ នាក់ ។


កម្មវិធីនេះមានបង្ហាញជូននូវកម្មវិធីថ្មីៗ រួមទាំងគន្លឹះសម្រាប់ចម្អិនម្ហូបអាហារ ដោយប្រើប្រាស់ផលិតផលជលផលរបស់គម្រោង CEDEP II ឲ្យកាន់តែមានរសជាតិជូនដល់អ្នកចូលរួមទាំងអស់ ។ អ្នកចូលរួមបានទស្សនាផ្ទាល់ផងដែរនូវសកម្មភាពចម្អិនម្ហូបជាច្រើនមុខ ដោយប្រើប្រាស់សាច់ក្តាមផលិតដោយក្រុមហ៊ុន កំពតស៊ីហ្វូត និងទឹកត្រីផលិតដោយក្រុមហ៊ុនអ៊ីឆេងូវហេង ។

 


កម្មវិធីចម្អិនម្ហូបនេះក៏បានផ្តល់ឱកាសដល់អតិថិជនជួបផ្ទាល់ជាមួយអ្នកលក់ អ្នកផលិត សំដៅបង្កើនការប្រើប្រាស់ក៏ដូចជាការទទួលស្គាល់ផលិតផលក្នុងស្រុកផងដែរ ។

 


ក្នុងឱកាសជួបសំណេះសំណាល់ជាមួយអ្នកចូលរួម លោក សុខ ណារិន នាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិប្រចាំទេសកម្ពុជា (UNIDO) បានឲ្យដឹងថា តាមរយៈជំនួយបច្ចេកទេសរបស់សមាសភាគផលិតផលជលផលសមុទ្រ ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ក្រុមហ៊ុនកំពតស៊ីហ្វូតបានក្លាយជាក្រុមហ៊ុនផលិតផលជលផលសមុទ្រដំបូងគេបង្អស់ ដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់ប្រព័ន្ធសុវត្ថភាពចំណីអាហារ (HACCP) ដែលជាប្រព័ន្ធមួយទទួលស្គាល់ជាអន្តរជាតិ ។

 


ជាមួយគ្ននេះដែរ ក្រុមហ៊ុន អ៊ីឆេង ងូវហេង ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ក៏បានកំពុងត្រៀមលក្ខណៈទទួលបានការវាយតម្លៃពីក្រុមសវនកម្មឯករាជ ដើម្បីឈានទៅទទួលបានវិញ្ញាបនប័ត្របញ្ជាក់ប្រព័ន្ធ HACCP នេះផងដែរ ។

 


សាវតាសមាសភាគជលផលសមុទ្ររបស់កម្មវិធី EIF CEDEP II កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២៖ សមាសភាគជលផលសមុទ្រ ដែលហៅកាត់ថាគម្រោងផលិតផលជលផលសមុទ្រ ជាគម្រោងដែលបានបង្កើតឡើងដើម្បីបង្កើនបរិមាណ និងតម្លៃពាណិជ្ជកម្ម ផលិតផលជលផសមុទ្រនៅទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ ។ គម្រោងនេះទទួលបានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម និងសហការអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) រដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម ។

 

 

 

 

 ស្ថិតិអ្នកចូលទស្សនា

  • 5
  • 12
  • 205
  • 7458
  • 943674