សិក្ខាសាលាថ្នាក់ខេត្តផ្សព្វផ្សាយកម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងលទ្ធផលសម្រេចបានក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហាន ២

 


 

សៀមរាប ថ្ងៃទី១៧ ខែមិនា ឆ្នាំ ២០១៧៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសម្រេចបានក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ដោយមានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) នៅថ្ងៃ១៧ ខែមីនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត ក្រុងសៀមរាប ។ សិក្ខាសាលាបានរៀបចំឡើងក្នុងគោលបំណងបង្កលទ្ធភាពឱ្យមន្ត្រីមកពីបន្ទីរពាណិជ្ជកម្មទាំង ១៣ ខេត្ត មន្រ្តីមកពីក្រសួងពាក់ព័ន្ធចំនួន ៩ និងមន្រ្តីជាច្រើនរូបរបស់ក្រសួងពាណិជ្ជកម្ម បានសិក្សាស្វែងយល់ពីកម្មវិធីអភិវឌ្ឍពាណិជ្ជកម្ម សារៈសំខាន់នៃជំនួយសម្រាប់ពាណិជ្ជកម្មចំពោះកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសបញ្ហាប្រឈម កាលានុវត្ថភាព និងលទ្ធផលដែលសម្រេចបានពីការអនុវត្តគម្រោង CEDEP II ក្រោមយន្តការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ។ គោលដៅបន្ទាប់គឺការពង្រឹងសមត្ថភាពរបស់មន្រ្តី ដើរតួនាទីស្នូលក្នុងការបន្តផ្សព្វផ្សាយ និងអនុវត្តក្របខណ្ឌគោលនយោបាយអភិវឌ្ឍពាណិជ្ជកម្ម និងកំណែទម្រង់យុទ្ធសាស្ត្រសម្រាប់កសិ-ពាណិជ្ជកម្មនៅប្រទេសកម្ពុជានៅថ្នាក់ជាតិ និងថ្នាក់តំបន់ ។ លោកជំទាវ តឹករ៉េត កំរង​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត គឹម ឆៃហៀង​ អភិបាលខេត្តរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពបើកអង្គសិក្ខាសាលា និងមានសិក្ខាកាមប្រមាណ ៨០ នាក់ មកពីបណ្តាខេត្តភាគឥសាន្ត និងមន្រ្តីមកពីក្រសួងពាក់ព័ន្ធ ព្រមទាំងសមាជិកសមាគមដំឡូងមីបានអញ្ជើញចូលរួម ។

 

 


ជាមួយគ្នានេះ សិក្ខាសាលាបានផ្តល់ឱកាសល្អបំផុតសម្រាប់ក្រុមមន្រ្តីស្នូលរបស់គម្រោង EIF CEDEP II សមាជិកនៃសមាគមដំឡូងមី បានចែករំលែកជាមួយអ្នកចូលរួមទាំងអស់នូវលទ្ធផល ជាពិសេសការសិក្សារៀនសូត្រ និងបទពិសោធន៍ល្អៗក្នុងសកម្មភាពដែលបានអនុវត្តក្រោមគម្រោងដំឡូងមី ផលិតផលជលផលសមុទ្រ និងវិទ្យស្ថានម្ហូបអាហារកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លទ្ធផលដែលរំពឹងទុកគឺចំណេះដឹងច្បាស់លាស់ផ្នែកអនុវត្តន៍មានមូលដ្ឋានពាណិជ្ជកម្ម និងការនាំចេញ នឹងបង្កើតបាននូវតម្រូវការយល់ដឹងចាំបាច់នៅទូទាំងប្រទេស និងអាចបង្កើតបាននូវបរិយាកាសល្អប្រសើរជាងមុន ផ្សារភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ។
លោកជំទាវ 
តឹករ៉េត កំរង​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលា អបដោយមតិសំណេះសំណាលរបស់ ឯកឧត្តម គឹម ឆៃហៀង គណៈអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ។

 


មានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលា លោកជំទាវ 
តឹករ៉េត កំរង​ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលានៅថ្ងៃនេះ មិនត្រឹមតែបានចែករំលែកបទពិសោធន៍ និងលទ្ធផលសម្រេចបានពីការអនុវត្តគម្រោង CEDEP II ប៉ុណ្ណោះទេ ប៉ុន្តែសិក្ខាសាលាក៏បានស្វែងរកធាតុចូលសំខាន់ៗ ចែករំលែកដោយអ្នកចូលរួមទាំងអស់ ដើម្បីធានាថាការអនុវត្តគម្រោងនាពេលអនាគត ជាពិសេសគម្រោង IFAD នឹងសម្រេចបានលទ្ធផលផ្លែផ្កាល្អ ។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កន្លងមក ដោយសារមានការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមរយៈកម្មវិធី EIF នៅប្រទេសកម្ពុជា កម្ពុជាបានបោះជំហានថ្មីមួយទៀត ដោយផ្លាស់ប្តូរឋានៈជាប្រទេសក្រីក្រ ប្រែក្លាយទៅប្រទេសមានប្រាក់ចំណូលពាក់កណ្តាលមធ្យមកម្រិតទាប ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការបានសម្តែងការកោតសរសើរចំពោះ «ស្មារតីកិច្ចសហការគ្នាល្អ» ក្នុងចំណោមភាគីពាក់ព័ន្ធនានា ដែលប្រការនេះបាននាំទៅរកការសម្រេចបានសមិទ្ធផលសំខាន់ៗដូចសព្វថ្ងៃនេះ ដោយសារមានការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធនានាក្នុងការរួមចំណែកធាតុចូល ។

 


ជាមួយគ្ននេះដែរ មានប្រសាសន៍ក្នុងនាមឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបណ្ឌិត 
គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ពីភាពចាំបាច់នៃការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងអង្គសិក្ខាសាលានេះ ដើម្បីបន្តពិភាក្សារិះរកគ្រប់មធ្យោបាយ ដើម្បីធានារក្សាបានកំណើនសេដ្ឋកិច្ច ដែលមួយផ្នែកជំរុញដោយការធ្វើពាណិជ្ជកម្ម និងអាជីវកម្ម អាចមាននិរន្តរភាពស្របតាមបរិបទនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសេដ្ឋកិច្ចសកល ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ធាតុចូលដែលទទួលបានពីអ្នកពាក់ព័ន្ធទាំងអស់នៅថ្ងៃនេះ នឹងត្រូវបានប្រើប្រាស់ និងដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ខេត្ត ដើម្បីឆ្លើយតបតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចលើសពី ៧ ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ។

 


សាវតាគម្រោងកម្មវិធី EIF CEDEP II៖ ក្រោមមូលនិធិកម្មវិធី EIF ក្រសួងពាណិជ្ជកម្ម បានបង្កើតគម្រោង CEDEP ជំហាន ២ (CEDEP II) ក្នុងគោលបំណងពង្រឹង និងធ្វើពិពិធកម្មផ្នែកចំណេះដឹងគាំទ្រសកម្មភាពអនុវត្តលើផលិតផល ៥ មុខក្នុងចំណោម ៩ មុខដែលមានចែងនៅក្នុងសសរស្តម្ភទី ២ ដែលរាជរដ្ឋាភិបាលបានកំណត់ថាជាផលិតផលចាំបាច់ត្រូវធ្វើសកម្មភាពអាទិភាព និងបន្ទាន់ រួមមានផលិតផលជលផលសមុទ្រ ដំឡូងមី វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) និងបដិសណ្ឋារកិច្ចឈានមុខគេនៅប្រទេសកម្ពុជា ។

 







ស្ថិតិអ្នកចូលទស្សនា

  • 14
  • 225
  • 487
  • 4078
  • 523877