វិស័យឯកជនសិក្សាស្វែងយល់ពីដំណោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម

 

ក្រុងព្រះសីហនុ ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៧៖ អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយ នាយកដ្ឋានអភិវឌ្ឍវិស័យឯកជន និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (MoC) បានរៀបចំសិក្ខាសាលាមួយស្តីពី «ការឆ្លើយតបចំពោះរបាំងបច្ចេកទេសពាណិជ្ជកម្ម៖ សុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ និងស្លាកសញ្ញា និងភស្តុភារដឹកជញ្ជូន ។» សិក្ខាសាលានេះ មានគោលបំណងចែករំលែកព័ត៌មាន និងផ្តល់ចំណេះដឹងបន្ថែមដល់វិស័យឯកជន ដើម្បីឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់នាំចេញ និងមានភាពប្រកួតប្រជែងបានប្រសើរជាងមុនទាំងលើផ្នែកគុណភាព និងតម្លៃ តាមរយៈការសិក្សាស្វែងយល់ពីសុវត្ថិភាពចំណីអាហារ ការអភិវឌ្ឍផលិតផល និងកិច្ចសម្រួលពាណិជ្ជកម្ម ។

 


សិក្ខាសាលារយៈពេលមួយថ្ងៃកន្លះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម 
ម៉ៅ ថូរ៉ា​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានអ្នកចូលរួមប្រមាណ ៦០ នាក់មកពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងវិស័យឯកជន ។ មានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម បានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់មួយចំនួនសម្រាប់ដោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម មានដូចជាប្រព័ន្ធភូតគាមអនាម័យ (SPS) តាមរយៈការពិនិត្យតាមដានសកម្មភាពអន្តរាគមន៍ ដើម្បីឲ្យម្ចាស់រោងចក្រ សហគ្រាស រួមទាំងវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)ផង ទទួលបានបានការគាំទ្របន្ថែម ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានមានប្រសាសន៍ផងដែរពីតួនាទីរបស់ SME និងវិស័យឧស្សាហកម្មឯកជនផ្សេងទៀត ជាផ្នែកមួយចាំបាច់សម្រាប់ការបញ្ជ្រាបពាណិជ្ជកម្ម ក្នុងគោលដៅរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។

 


នាឱកាសនោះដែរ ឯកឧត្តម 
ឈិន សេងងួន អភិបាលរងខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលា បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធនានា ក្នុងការដោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម ដែលដំណោះស្រាយនេះពិតជាមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ។

 


ចរន្តនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបន្តកើនឡើងក្នុងរង្វង់ ៧ ភាគរយ នៅឆ្នាំ ២០១៦ ក្នុងនោះវិស័យនាំចេញជាតួអង្គសំខាន់ក្នុងចំណោមកម្លាំងចលករដទៃទៀត ។ ដំដោះស្រាយបញ្ហានាំចេញ និងការធ្វើពិពិធកម្មទីផ្សារ ពិតជាមានសារៈសំខាន់ណាស់ ខណៈដែល SME បានដើរតួនាទីយ៉ាងសកម្មគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។ អង្គសិក្ខាសាលារយៈពេលមួយថ្ងៃកន្លះ បានរួមបញ្ចូលនូវបទបង្ហាញមួយចំនួន ដែលបានធ្វើបទឧទ្ទេសនាមដោយអ្នកជំនាញការមកពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល វិស័យឯកជន និងអង្គការ UNIDO ។ សិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន ក្នុងនោះព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនានា បានចែករំលែកដល់សិក្ខាកាម ដែលជាផលិតករ អ្នកកែច្នៃ និងសមាគមជលផលសមុទ្រ SMEs និងប្រតិបត្តិករអាជីវកម្មផ្សេងទៀតនៅថ្នាក់ក្រោមជាតិ ស្តីពីតម្រូវការផ្នែកសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ និងការរៀបចំស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្មផងដែរ ។ សិក្ខាសាលានេះ ទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូទពិសោធន៍គ្នាទៅវិញទៅមករវាងវិស័យឯកជន និងអ្នកជំនាញការ ។

 


សាវតាគម្រោងជលផលសមុទ្ររបស់កម្មវិធី CEDEP II


កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២៖ សមាសភាគជលផលសមុទ្រ ដែលជាគម្រោងផលិតផលជលផលសមុទ្រ ជាកម្មវិធីដែលបានបង្កើតឡើងដើម្បីបង្កើនបរិមាណ និងតម្លៃពាណិជ្ជកម្ម ផលិតផលជលផលសមុទ្រនៅទីផ្សារទាំងក្នុងតំបន់ និងអន្ដរជាតិរបស់ប្រទេសកម្ពុជា ។ គម្រោងនេះទទួលបានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម និងសហការអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) រដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម ។

 







ស្ថិតិអ្នកចូលទស្សនា

  • 7
  • 70
  • 120
  • 2690
  • 498329