ខេត្តព្រះសីហនុ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ - មន្រ្តីមកពីក្រសួងពាណិជ្ជកម្ម សមាជិកក្រុមស្នូលពីក្រសួងពាក់ព័ន្ធនិងក្រុមការងារកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF/DICO/MoC) បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសស្តីពីស្តង់ដារជាតិ (TC) លើរបៀបវារៈ «ស្តង់ដារកម្ពុជាលើក្រមប្រតិបត្តិសម្រាប់ផលិតផលជលផល» ដែលបានប្រារព្វធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ កិច្ចប្រជុំនេះ សហការរៀបចំដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) និងសមាសភាគផលិតផលជលផលសមុទ្រ ក្រោមគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ។

ភ្ញៀវអញ្ជើញចូលរួមកិច្ចប្រជុំប្រមាណជាង ៤០ នាក់ ក្នុងនោះ ២១ នាក់ជាស្រ្តី ដែលជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេស មានសមាសភាពមកពីក្រសួងពាក់ព័ន្ធ និងតំណាងវិស័យឯកជន ។ កិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ុងហុក ស្រ៊ុន ប្រធាន TC ទទួលបន្ទុកផ្នែកស្តង់ដារចំណីអាហារ ។ គណៈកម្មាធិការបានពិនិត្យ និងពិភាក្សាក្រមប្រតិបត្តិចំនួនបីសម្រាប់ផលិតផលជលផលសំខាន់ៗ (រួមមាន បង្គាក្រៀម បង្កៀបង្កក និងសាច់ក្តាមក្លាសេ) ។

កិច្ចប្រជុំរយៈពេលពីរថ្ងៃបានប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងផុលផុស ។ បន្ទាប់ពីបានពិនិត្យដោយហ្មត់ចត់លើក្រមប្រតិបត្តិទាំងបីខាងលើ គណៈកម្មាធិការបានបូកសរុបលទ្ធផលកិច្ចប្រជុំ និងបានអនុម័តក្រមប្រតិបត្តិទាំងអស់ប្រកបដោយជោគជ័យ ។ ក្នុងឱកាសនោះដែរ កិច្ចប្រជុំបានឯកភាពជារួមថា ក្រមប្រតិបត្តិទាំងបីនឹងត្រូវបានដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិសម្រាប់ការអនុម័តចុងក្រោយនៅចុងខែធ្នូ ឆ្នាំ ២០១៦ ។

 

ការអភិវឌ្ឍន៍ក្រមប្រតិបត្តិនេះ ជាផ្នែកមួយនៃលទ្ធផលរំពឹងយ៉ាងសំខាន់របស់គម្រោង CEDEP II ដើម្បីបំពេញបន្ថែមលើផ្នែកស្តង់ដារជាតិ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ស្តីពីសុវត្ថិភាពចំណីអាហារផលិតផលជលផល ។ កម្មវិធីនេះទទួលបានមូលនិធិផ្តល់ដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន ។

 

នៅថ្ងៃទីបី ក្រុមការងារបេសកកម្មបានធ្វើដំណើរទស្សនៈកិច្ចសិក្សាទៅកាន់តំបន់សហគមន៍នេសាទទឹកប្រៃ នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសេម៉ា ខេត្តកោះកុង ។ ក្នុងពេលទស្សនៈកិច្ចសិក្សានៅសហគមន៍ពាមក្រសោប ក្រុមការងារមានឱកាសសិក្សាស្វែងយល់ពីវឌ្ឍនភាព និងបទពិសោធន៍ ក៏ដូចជាការរៀនសូត្របន្ទាប់ពីគម្រោងផលិតផលជលផលសមុទ្ររបស់គម្រោង EIF-CEDEP II បានចាប់ផ្តើមដាក់ឲ្យដំណើរការរួចមក ។
 







ស្ថិតិអ្នកចូលទស្សនា

  • 20
  • 118
  • 358
  • 9848
  • 660141