រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ជោគជ័យរបស់កម្ពុជា គឺរៀនផង អនុវត្តន៍ផង

Trade SWAp, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២

“កម្ពុជាបានជួបឧបសគ្គច្រើននៅគ្រាដំបូង ប៉ុន្តែដោយសារការពុះពាររៀនផង និងអនុវត្តន៍ផងទើបយើងបានទទួលផ្លែផ្កាដូច សព្វថ្ងៃ”។ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ ទៅកាន់ក្រុមមន្ត្រីធនាគារ ពិភពលោករួមជាមួយតំណាងដៃគូរអភិវឌ្ឍន៍អន្តរជាតិ និងមន្ត្រីមកពីក្រសួងពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តកម្មវិធីគាំទ្រការអភវិឌ្ឍន៍ពាណិជ្ជកម្ម TDSP ដែលបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ នៅក្នុងសាលប្រជុំអង្គរវត្ត នៃក្រសួងពាណិជ្ជកម្ម។

នៅក្នុងសុន្ទករថាបើកកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានរលឹកឡើងវិញអំពីប្រវត្តិកម្មវិធី TDSP និងការហែលឆ្លងឧបសគ្គរបស់កម្ពុជា មុនពេលឈានទៅបង្កើតផែនទីបង្ហាញផ្លូវ កម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម Trade SWap និងលទ្ធផលគម្រោង ការងារដោយជោគជ័យនៅក្នុងឆ្នាំ២០១១។ ឯកឧត្តមបានគូសបញ្ជាក់ថា “ឥឡូវនេះ Trade SWap បានក្លាយជាយន្តការដ៍សំខាន់ សម្រាប់តាមដានលទ្ធផលនៃការអនុវត្តន៍កម្មវិធី TDSP ដែលបច្ចុប្បន្នកំពុងតែផ្តល់ផ្លែផ្កា កើតចេញលទ្ធផលនៃកិច្ចប្រឹងប្រែង របស់យើង ដើម្បីឈានទៅសម្រេច Benchmarks ចំនួន ២៦ ដែលមានចែងក្នុងរបាយការណ៍ចាស់”។ ឯកឧត្តម បានបន្ថែមថា កម្ពុជាក៏នៅមានឧបសគ្គមួយចំនួនទៀតពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងការវិនិយោគដូចជា ការកសាងសមត្ថភាពដើម្បីចែករំលែក បទពិសោធន៍ល្អៗដល់សហគ្រាសធុនតូច និងធុនមធ្យមអាចចូលរួមនៅក្នុងចង្វាក់ផលិតកម្មដើម្បីនាំចេញទៅកាន់ ពិភពលោក ការបង្កើតគោលនយោបាយទីផ្សារឈានមុខគេ និងការលើកកម្ពស់បរិយាកាសវិនិយោគក្នុងប្រទេស តាមរយៈការពង្រឹងច្បាប់ វិនិយោគជាដើម ដែលតម្រូវអោយកម្ពុជាធ្វើការកៀងគរធនធាន និងជំនួយហិរញ្ញវត្ថុដើម្បីប្រើប្រាស់ជាមួយគំរោងថ្មីៗនៅក្រោមកម្មវិធី TDSP។ ក្នុងន័យនេះការឆ្លើយតបពីសហគមន៍អន្តរជាតិ និងដៃគូរអភិវឌ្ឍន៍ ពិតជាដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ ការអភិវឌ្ឍន៍ពាណិជ្ជកម្ម បង្កើតទីផ្សារការងារ ចូលរួមកាត់បន្ថយភាពក្រីក្រ និងផ្តល់អត្ថប្រយោជន៍ធំធេងដល់កម្ពុជា និងសហគមន៍ អាស៊ាន។

លោក Julian Clarke សេដ្ឋវិទូ និងជាប្រធានក្រុមដឹកនាំការងារ នៃធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្រុមការងាររបស់ធនាគារពិភពលោក បានកត់សំគាល់ឃើញអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី TDSP ជាពិសេសលទ្ធភាព ធ្វើកិច្ចសហការ ដើម្បីកែលំអរយុទ្ធសាស្ត្រសមាហរណកម្មវិភាគ DTIS ឆ្នាំ២០១៣-២០១៨ រួមគ្នា ដោយសារយុទ្ធសាស្ត្រនេះ ត្រូវបានដកស្រង់ចេញពីផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះចាំបាច់ត្រូវធ្វើការរួមគ្នា។ លោក Julian បានបន្តថាតាមរយៈបទបង្ហាញរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ DICO នៃក្រសួងពាណិជ្ជកម្ម ដែលជាអង្គភាព អនុវត្តថ្នាក់ជាតិ ក្រុមការងារធនាគារពិភពលោក មានចិត្តរំភើបចំពោះសមិទ្ធផលបច្ចុប្បន្ន និងការប្តេជ្ញាចិត្តខ្ពស់របស់ ភ្នាក់ងាររដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធី Trade SWap ហើយធនាគារពិភពលោក រីករាយនឹងបន្តកិច្ចសហការជាដៃគូរ ជាមួយរាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តន៍គម្រោងឲ្យទទួលបានជោគជ័យ។

ក្រោមការជួយឧបត្ថម្ភពីមូលនិធិសង្គមពហុភាគី និងការចាត់ចែងហិរញ្ញវត្ថុពីធនាគារពិភពលោក បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងលើកកម្ពស់ការកសាងរបៀបវារៈពាណិជ្ជកម្ម ដើម្បីពន្លឿនការអនុវត្តកម្មវិធី Trade SWAp ដែលជាយន្តការដ៏សំខាន់ ដើម្បីលើកស្ទួយវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងជាវេទិកាដ៏មានប្រសិទ្ធភាព ដើម្បីសម្របសំរួលជាមួយម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍នានា។ សម្រាប់ការអនុវត្តន៍កម្មវិធី TDSP និងគម្រោងពាក់ព័ន្ធវិស័យពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែកសាង និងដាក់ចេញនូវគោលនយោបាយសំខាន់ៗដូចជា៖ (១) បញ្ជ្រាបនិតិវិធី និងកិច្ចសហប្រតិបត្តិការផ្នែកគយ និងរដ្ឋាករ (២) កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម (៣) កាត់បន្ថយរបាំងមិនមែនពន្ធ ដូចជាការបង់ថ្លៃសេវារដ្ឋបាល (៤) លើកកម្ពស់តម្លាភាពផ្នែកច្បាប់ និង(៥) ប្រើប្រាស់វិស័យព័ត៌មានវិទ្យា សម្រាប់ស្ថិតិពាណិជ្ជកម្ម។







ស្ថិតិអ្នកចូលទស្សនា

  • 81
  • 339
  • 458
  • 13476
  • 740388