រដ្ឋមន្រ្តីពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលា ស្តីពី Busan Eco Delta Smart City
(ប៊ូសាន, កូរ៉េ)៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលា ស្តីពី Busan Eco Delta Smart City ដែលបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ Smart City នេះគឺសំដៅទៅលើទីក្រុងស្អាត និងមានបរិយាកាសល្អ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព ឬជាការសាងសង់ទីក្រុងដែលមានលក្ខណៈទំនើប បំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាផ្នែកថាមពល ដឹកជញ្ជូន ទឹក សេវាសុខភាព។ល។ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយកាត់បន្ថយការចំណាយ និងការបំពុលបរិស្ថាន។
