ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ

03 Oct 2019 / 02:00 AM

(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សចំនួន ៧១៥រូប ដែលមកពីស្រុកព្រៃឈរ និងចំនួន ៤៥៧រូប មកពីស្រុកបាធាយ អាណាព្យាបាល មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីវិទ្យាល័យនានា ក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ចំនួន ៤០៥នាក់។

ការប្រគល់រង្វាន់ ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ព្រមទាំងមានការចូលរួមពីតំណាងរាស្រ្តមណ្ឌលកំពង់ចាម អាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកនៃក្រុមការងារថ្នាក់ជាតិ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជិត១៦០០នាក់ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា លទ្ធផលជាផ្លែផ្កាដែលក្មួយៗទទួលបាននាពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិបានឡើយ ព្រោះវាជាដើមចមដែលធ្វើឱ្យវិស័យអប់រំ នៅទូទាំងប្រទេសមានការរីកចម្រើនគួរជាទីមោទនៈ ជាអាទិ៍សាលារៀនគ្រប់កម្រិត សាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំបណ្តុះបណ្តាល បានកើតឡើងពាសពេញលើផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យពីការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ និងបានលើកទឹកចិត្តពួកគេឱ្យបន្តប្រឹងប្រែងសិក្សានៅថ្នាក់មហាវិទ្យាល័យថែមទៀត ដើម្បីក្លាយខ្លួនជាសសរទ្រូងរបស់ប្រទេសជាតិ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ មកពីវិទ្យាល័យនានាក្នុងស្រុកព្រៃឈរ និងបាធាយ ដែលកន្លងមកបានប្រឹងប្រែងយកចិត្តទុកដាក់បណ្តុះបណ្តាលសិស្សានុសិស្ស រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួន ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស យកទៅគិតគូរពិចារណា ប្រតិបត្តិឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អថែមទៀត ក្នុងនោះមានដូចតទៅ៖ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ទាំងបច្ចេកទេស និងការគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យសមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបៗ ទាន់សម័យ នាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ត្រូវគោរពច្បាប់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ គុណធម៌ និងវិន័យជាពលរដ្ឋល្អឲ្យបានខ្ជាប់ខ្ជួន។ ជាពិសេស ត្រូវចេះចែករំលែក និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ សប្បុរសធម៌ និងសកម្មភាព ផ្សេងៗទៀត ដែលជាប្រយោជន៍ដល់គ្រួសារ មិត្តភក្តិ និងសង្គមជាតិ។ លើសពីនេះទៅទៀត ត្រូវបន្តខិតខំសិក្សាមុខជំនាញ នៅតាមសាកលវិទ្យាល័យនានា និង ត្រូវចៀសវាងឲ្យឆ្ងាយពី អំពើឧបាយមុខ ល្បែងស៊ីសង គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអសកម្មខុសច្បាប់ទាំងឡាយណា ដែលប្រាសចាកសីលធម៌ និងនាំឲ្យគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ និងត្រូវគោរពច្បាប់ចរាចរ។

សូមបញ្ជាក់ថា រង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល ប្រគល់ជូនសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធមកពីស្រុកទាំងពីរ នៅវេលាព្រឹកនេះ រួមមាន៖
១. ផ្តល់ជូនទោចក្រយានយន្ត ម៉ាក ហុងដា Wave ស៊េរីឆ្នាំ២០១៩ ចំនួន ៥ គ្រឿង ជាមួយថវិកា ម្នាក់ ៥ម៉ឺនរៀលសម្រាប់សិស្សមកពីស្រុកព្រៃឈរចំនួន៥នាក់ ដែលទទួលបាននិរទ្ទេស A។
២.ឧបត្ថម្ភថវិកាម្នាក់ ៤០ម៉ឺនរៀល សម្រាប់សិស្សទទួលបាននិរទ្ទេស B ចំនួន ៣៣នាក់ ដែលក្នុងនោះ២៦នាក់មកពីស្រុកព្រៃឈរ។
៣.ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់សិស្សចំនួន ១១៣៤នាក់ ដែលទទួលបាននិរទ្ទេស C D និង E។
៤.ឧបត្ថម្ភថវិកា លោកគ្រូ អ្នកគ្រូ ចំនួន៤៧នាក់ សរុបជាទឹកប្រាក់ចំនួន១៦.១៩២.០០០ រៀល ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលបំប៉នបន្ថែមដល់ក្មួយៗសិស្សានុសិស្ស។
៥.ឧបត្ថម្ភថវិកា ជូន លោកគ្រូ អ្នកគ្រូ ចំនួន២០៤នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៦.ឧបត្ថម្ភថវិកា ជូនលោក លោកស្រីអាណាព្យាបាលសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៧. ឧបត្ថម្ភថវិកា ជូនលោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលមានវត្តមាននៅក្នុងពិធីនេះ ចំនួន ១៤៩នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល។
៨. និង ផ្តល់ជូនអាហារូបករណ៍ពេញថ្លៃសិក្សា រយៈពេល ៤ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៧កន្លែង (ក្នុង១ឃុំចំនួន១កន្លែង) ដល់សិស្សានុសិស្សក្រីក្រ។

រង្វាន់លើកទឹកចិត្តដែលបានប្រគល់ជូន សរុបជាថវិកា ទាំងអស់ស្មើនឹង ៩៩ ៧៧២ ០០០រៀល និង៦ ៥០០ដុល្លារ និងអាហារូបករណ៍ពេញថ្លៃសិក្សា រយៈពេល ៤ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៧កន្លែង។

 

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION