ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា

27 Aug 2019 / 08:00 AM

(ទីក្រុងអ៊ូស្វីល ប្រទេសស្វីស)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា»។ ការចូលរួមកម្មវិធីនេះ ក៏ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងឧបករណ៍សម្ងួត កែច្នៃកសិផល និងឧបករណ៍ដទៃទៀត សម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកែច្នៃ កសិផល ក្នុងគោលបំណងលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។

នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ លោក ខាលវីន ហ្គ្រីដ័រ (Calvin Grieder) និងនាយកប្រតិបត្តិ លោក ស្តេវហ្វាន ច្រាយប័រ (Stefan Scheiber) ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្មនៅកម្ពុជា ជាការងារសំខាន់ និងជាការងារអាទិភាពសម្រាប់កម្ពុជា ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជាផងដែរ។ ចំពោះវិស័យនាំចេញស្រូវអង្ករវិញ ការនាំចេញភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈជាស្រូវសើម ដែលបានលក់ទៅកាន់ប្រទេសជិតខាងក្រោយប្រមូលផលភ្លាមៗ ដោយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការសម្ងួតស្រូវ និងរក្សាទុកស្រូវក្នុងរយៈពេលវែង។ ការកសាងឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុននាំចេញស្រូវអង្ករ ធ្វើការប្រមូលទិញស្រូវពីកសិករកាន់តែច្រើន ដើម្បីរក្សាទុកនឹងធ្វើការកិនជាអង្ករសម្រាប់នាំចេញ ក្នុងពេលមួយសមស្រប និងតម្លៃក្នុងទីផ្សារខ្ពស់ ក៏ដូចជាដោះស្រាយមួយកម្រិតនៃរបាំងបច្ចេកទេសមួយចំនួន ដែលរារាំងដល់ការនាំចេញដោយកម្ពុជា ទៅកាន់ទីផ្សារបរទេស។ លើសពីនោះថែមទៀត ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ជាកិច្ចឆ្លើយតប លោក ខាលវីន ហ្គ្រីដ័រ បានជម្រាបជូនថា ក្រុមហ៊ុនប៊ូល័រ ពិតជាមានសេចក្ដីរីករាយដែលបានចូលរួមក្នុងការអនុវត្តគម្រោងនេះ និងផ្ដល់ឧបករណ៍ដែលមានគុណភាពខ្ពស់ និងមានកិត្តិនាមថ្មីក្នុងពិភពលោកសម្រាប់កម្ពុជា។ លោកបានជម្រាបបន្ថែមថា ក្រុមហ៊ុនប៊ូល័រ មិនត្រឹមតែមានឧបករណ៍សម្រាប់សម្ងួតស្រូវ ឬកសិផលដទៃទៀតនោះទេ ក្រុមហ៊ុនក៏មានឧបករណ៍ច្រើនប្រភេទសម្រាប់កិន និងកែច្នៃកសិផល ទៅជាផលិតផលសម្រេច ដូចជា ម្ហូបអាហារ និងចំណីសត្វ និងឧបករណ៍វិភាគសុវត្ថិភាពចំណីអាហារ ជាដើម។ ជាមួយនឹងការកសាងឡសម្ងួត និងឃ្លាំងស្ដុក ក្រុមហ៊ុនប៊ូល័រ នឹងផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកប្រតិបត្តិការរោងចក្រ និងឃ្លាំងបន្ថែមទៀត។

ក្រោយពីកិច្ចពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញធ្វើទស្សនកិច្ចក្នុងក្រុមហ៊ុនប៊ូល័រ ដូចជា មជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងទីកន្លែងអនុវត្តបង្ហាញ។

សូមជម្រាបថា ក្រោមគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា ក្រុមហ៊ុនប៊ូល័រ នឹងសាងសង់ឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវចំនួនសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ចំពោះកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) មានការចូលរួមពីភ្ញៀវចំនួន ៨០០នាក់ មកពីក្រុមហ៊ុនចំនួន២០០ និងប្រទេសចំនួន៨០ ប្រទេស។

ព័ត៌មានបន្ថែមពីក្រុមហ៊ុនប៊ូល័រ៖ https://www.buhlergroup.com

ព័ត៌មានបន្ថែមពី Buhler Networking Days 2019https://networkingdays2019.buhlergroup.com/

 

Love to share on

Related News

រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION