ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP កាលពីព្រឹកថ្ងៃព្រហស្បត៍ ទី០៨ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបពីវឌ្ឍនៈភាពនៃការរៀបចំសេចក្តីព្រាងច្បាប់មួយចំនួន ដូចជា សេចក្តីព្រាងច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពចំណីអាហារ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។ លើសពីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជម្រាបពីវឌ្ឍនៈភាពរបស់ការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលនឹងធ្វើការបញ្ចប់នៅចុងឆ្នាំ២០១៩នេះ និងកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត។
ជាកិច្ចឆ្លើយតប លោកស្រី មៀ មើឃីច បានវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗ និងជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាទាំងក្នុងតំបន់ និងទ្វេភាគី ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មទីផ្សារឲ្យកាន់តែច្រើន។ លើសពីនោះ លោកស្រី ក៏បានជម្រាបជូនថា UNESCAP នឹងរៀបចំកិច្ចប្រជុំពិភាក្សាមួយនៅខែធ្នូ ឆ្នាំ២០១៩ខាងមុខ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសទើបតែចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបង្កើតជាជំហរមួយដែលអាចទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងការចូលទីផ្សារបន្ត ដោយជំហរនេះនឹងប្រើប្រាស់នៅក្នុងការចូលរួមរបស់ប្រទេសទាំងនោះ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់នេះដែរ នឹងលើកឡើងប្រធានបទសំខាន់ៗមួយចំនួន រួមមានពាណិជ្ជកម្មតាមអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល កិច្ចសម្រួលពាណិជ្ជកម្ម ។ល។ លោកស្រីបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាប្រធានដឹកនាំកិច្ចប្រជុំប្រឹក្សាយោបល់ខាងលើ ដោយឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពលើសំណើនេះផងដែរ។


