ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពី វិនិយោគ រវាងអាស៊ាន និងហុងកុង

13 Nov 2017 / 10:00 AM

ម៉ានីឡា, ហ្វីលីពីន៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ពីរ ក្នុងអំឡុងពេលអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋលេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្ម ចិនហុងកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ចំនួនពីរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពីវិនិយោគ រវាងអាស៊ាន និងហុងកុង។

នេះគឺជាជោគជ័យថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម និងអនុម័តយល់ព្រមលើពិធីសារនៃការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន សាធារណរដ្ឋប្រជាមានិតចិនកាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

គោលបំណងសំខាន់ៗ នៃកិច្ចព្រមព្រៀងទាំងពីរគឺ៖ (១) កាត់បន្ថយរបាំងចំពោះលំហូរពាណិជ្ជកម្មទំនិញ សេវា និងវិនិយោគ ធើ្វឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនូវការផ្សារភ្ជាប់សេដ្ឋកិច្ច កាត់បន្ថយចំណាយសម្រាប់ធុរជន បង្កើនពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើតទីផ្សារកាន់តែធំទូលាយជាមួយកាលានុវត្តភាពច្រើនជាងមុន និងសេដ្ឋកិច្ចមាត្រដ្ឋានកាន់តែធំសម្រាប់ធុរកិច្ច (២) ធ្វើពិពិធកម្ម និងជំរុញពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគី (៣) ផ្តល់ការអនុគ្រោះពិសេស និងដោយឡែក ចំពោះរដ្ឋជាសមាជិកអាស៊ានថ្មី ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីបង្កើនការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងជាងមុន និងពង្រីកការនាំចេញ តាមរយៈការបង្កើនសមត្ថភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងស្រុក (៤) ជួយទ្រទ្រង់ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងធ្វើឲ្យមានភាពល្អប្រសើរឡើងនូវលំហូរវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាស៊ាន រួមមានកម្ពុជាផង ក៏ដូចជា ហុងកុង។ លើសពីនេះទៀត នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានហុងកុង តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ។ កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ដោយសារហុងកុង ជាទីផ្សារមូលធនដ៏ធំ។

គួររំលឹកថា កិច្ចព្រមព្រៀងសំខាន់ទាំងពីរ ត្រូវបានចាប់ផ្តើមចរចាដំបូងនៅឆ្នាំ២០១៤ និងបានបញ្ចប់នាកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មអាស៊ាន-ហុងកុង លើកទី១០ នៅទីក្រុងបាងកក ថៃឡង់ដ៏ កាលពីខែកក្កដា ឆ្នាំ២០១៧។ ក្រោយនោះ មានការងារបច្ចេកទេសលម្អិតជាច្រើន ត្រូវបានបន្តធ្វើ ដូចជាការងាររៀបចំឲ្យមានការឯកភាពគ្នាក្នុងការប្រើប្រាស់ពាក្យពេចន៍គន្លឹះមួយចំនួន តារាងបញ្ចុះពន្ធគយចុងក្រោយ ទម្រង់រួមនៃតារាងពន្ធគយ។ល។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រធានក្រុមចរចាបានឈានដល់ការឯកភាពគ្នាទាំងស្រុងលើអត្ថបទចុងក្រោយនៃកិច្ចព្រមព្រៀង ដែលរួចរាល់សម្រាប់ការចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយរដ្ឋលេខាធិការនៃចិនហុងកុង។

 

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាជាមួយលោកស្រី Maika Oshikawa នាយកស្តីទីទទួលបន្ទុកផ្នែកចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) 23 Nov 2017 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក 22 Nov 2017 / 02:00 AM
កិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយ​ពាណិជ្ជកម្មកម្ពុជាលើកទី២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 17 Nov 2017 / 10:00 AM
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តី AEM និង RCEP ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ 15 Nov 2017 / 09:00 AM
តំណាងក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗលើពិភពលោក ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅកម្ពុជា 15 Nov 2017 / 04:00 AM
កម្ពុជា-ចិន ចុះអនុស្សរណ:ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 13 Nov 2017 / 09:00 AM
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា 10 Nov 2017 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក នឹងមានកំណើនខ្ពស់ 08 Nov 2017 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យបង្កើនការវិនិយោគលើខ្សែចង្វាក់តម្លៃដំឡូងមី ដើម្បីធានានិរន្តភាពពាណិជ្ជកម្មដំឡូងមី 07 Nov 2017 / 10:00 AM
អូស្រ្តាលី នឹងគាំទ្រដល់ការកសាងសមត្ថភាពមន្រ្តី និងការកសាងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅកម្ពុជា 07 Nov 2017 / 09:00 AM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION