រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រប្រតិបត្តិការក្រុមហ៊ុន Global Mobility Service Inc.

26 Oct 2017 / 04:00 AM

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន Global Mobility Service Inc. របស់ប្រទេសជប៉ុន ដែលរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការគាំទ្រចំពោះប្រតិបត្តិការ និងសេវាកម្មរបស់ក្រុមហ៊ុន ដែលបង្កើតឡើង ដើម្បីធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលបន្ថែម សម្រាប់អ្នកបើកបររថយន្តឈ្នួល (តាក់ស៊ី) នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយចិត្ត ជាមួយឧបករណ៍ និងប្រព័ន្ធ IoT របស់ក្រុមហ៊ុន Global Mobility Service Inc. ដែលអាចបញ្ជាយានយន្តពីចម្ងាយ ផ្តល់លទ្ធភាពដល់អ្នកបើកបរ ដែលគ្មានគណនីធនាគារ ឬសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទទួលបានប្រាក់កំចីស្វ័យប្រវត្តិ សម្រាប់ទិញរថយន្តប្រកបអាជីវកម្មដោយខ្លួនឯង។” ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿថា វាពិតជាមានសារៈសំខាន់ ក្នុងការរៀបចំបរិស្ថានអាជីវកម្មប្រភេទយានយន្ត ដូចជាការទិញរថយន្តឈ្នួល ឬតាក់ស៊ី ដែលជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ សម្រាប់ការរស់នៅរបស់ប្រជាជន នៅក្នុងប្រទេសកម្ពុជា ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ និងរីកចម្រើនជាលំដាប់។

“តាមរយៈសេវាកម្មប្រាក់កំចីរបស់ក្រុមហ៊ុន ដែលមានភាពងាយស្រួល និងភាពបត់បែនក្នុងការសងប្រាក់ត្រលប់មកវិញ នឹងជួយសម្រួលយ៉ាងច្រើន ដល់អ្នកបើករថយន្តឈ្នួល ឬ ម៉ូតូកង់បីទាំងអស់” ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរក្រុមហ៊ុន Global Mobility Service Inc. បង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបើកបរ និងច្បាប់ចរាចរណ៍ សម្រាប់អ្នកបើកបរទាំងអស់ ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។

លោក តូកូស្ហ៊ិ ណាកាស៊ីម៉ា នាយកប្រតិបត្តិ ក្រុមហ៊ុនជប៉ុន Global Mobility Service, Inc បានមានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងកាត់បន្ថយការបំពុលបរិយាកាស តាមរយៈបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដើម្បីជួយដល់អ្នកបើកបរនៅក្នុងប្រទេសកម្ពុជា ឲ្យក្លាយជាម្ចាស់យានយន្តពិតប្រាកដ និងសាងប្រាក់ចំណូលកាន់តែខ្ពស់។

“ប្រព័ន្ធ GMS មានសក្តានុពលធំធេង ក្នុងការអភិវឌ្ឍអាជីវកម្មប្រភេទសេវាកម្មថ្មី ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់បរិស្ថាន។ នៅក្នុងប្រទេសហ្វីលីពីន មានអ្នកបើកបរជាង ១០០០នាក់ កំពុងប្រើប្រាស់សេវាកម្មនេះ ហើយ GMS នឹងនាំមកជូនប្រជាជនកម្ពុជានូវប្រព័ន្ធ និងសេវាកម្មដូចគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា” លោក តូកូស្ហ៊ិ ណាកាស៊ីម៉ា បានគូសបញ្ជាក់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Global Mobility Service Inc. បានបង្កើតឧបករណ៍ IoT ដែលហៅថាប្រព័ន្ធចល័ត ឬ "MCCS" ដែលអាចបិទដំណើរការយានយន្ត តាមរយៈការបញ្ជាពីចម្ងាយ ក្នុងករណីខកខានការបង់សងប្រាក់កម្ចីទាន់ពេលវេលា។ ប្រព័ន្ធនេះ អាចបង្កើតប្រតិបត្តិការប្រាក់កម្ចីស្វ័យប្រវត្តិ ជាពិសេសអ្នកបើកបរដែលមិនមានឥណទានគ្រប់គ្រាន់ ឬគណនីធនាគារ។ សម្រាប់ជំហានដំបូង ក្រុមហ៊ុន GMS នឹងសហការជាមួយធនាគារ ឯកទេស AEON ក្នុងការផ្តល់សេវាកម្មប្រាក់កំចីជូនអ្នកបើកបរដែលប្រថ្នាចង់បានយានយន្តផ្ទាល់ខ្លួន ដើម្បីសម្រេចបាននូវសង្គមមួយ ដែលមានវឌ្ឍនភាពសេដ្ឋកិច្ច និងបរិស្ថានល្អប្រសើរ៕

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមធ្វើសន្និសីទព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញសំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន (How Least Developed Countries Drive Inclusive Growth) ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 13 Dec 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក 13 Dec 2017 / 09:00 AM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើសុំជំនួយបច្ចេកទេសសម្រាប់កសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ពីប្រទេសជប៉ុន 13 Dec 2017 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ទទួលជួបលោកជំទាវរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា 13 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ពេញអង្គក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច 12 Dec 2017 / 04:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 12 Dec 2017 / 10:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 12 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 12 Dec 2017 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 11 Dec 2017 / 11:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 11 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION